ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ កាត់មែកឈើធំៗតាមមហាវិថី ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ខណៈមេឃភ្លៀងលាយលំខ្យល់កន្ទ្រាក់

ចែករំលែក៖

ភ្នំពេញ៖ ដើមឈើធំៗ ស្ថិតនៅតាមដងផ្លូវមួយចំនួនក្នុងរាធានីភ្នំពេញ ដែលងាយនឹងអាចបាក់ធ្លាក់ឬរលំគល់សង្កត់លើទ្រព្យសម្បត្តិសម្ភារៈរបស់ប្រជាពលរដ្ឋនាពេលកន្លងមក ប៉ុន្មានថ្ងៃនេះគេសង្កេតឃើញថារដ្ឋបាលរាជធានីភ្នំពេញ បានបន្តចុះកាត់មែកឈើធំៗ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ព្រោះជារដូវភ្លៀងលាយលំខ្យល់កន្ទ្រាក់ បក់បោក និងដើម្បីសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។

ជាក់ស្ដែងនៅថ្ងៃចន្ទ អង្គារ ​១កើត ២កើត ​ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ​ត្រូវ​នឹងថ្ងៃទី២និងទី៣ ខែឧសភា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បន្តជាជំហានទី២ បានចុះកាត់មែកឈើ អមសងខាងតាមបណ្ដោយមហាវិថីកម្ពុជាក្រោម ចាប់ពីចំណុចស្តុបវិទ្យាល័យជា ស៊ីម សន្ធរម៉ុក ដល់ចំណុចស្តុបសណ្ឋាគារណានជីង មូលដ្ឋានខណ្ឌទួលគោក និងខណ្ឌ៧មករា។

គួរបញ្ជាក់ថា រាល់ពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ តែងតែមានខ្យល់កន្រ្ទាក់បណ្ដាលឲ្យបាក់រលំមែកឈើមួយចំនួនទៅលើយានយន្តរបស់ប្រជាពលរដ្ឋនឹងធ្លាក់ទៅលើដងផ្លូវដែលជាការបង្អាក់ក្នុងការកក់ស្ទះដំណើរធ្វើចរាចរណ៍ផងដែរ ។ ដូច្នេះហើយរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងចុះកាត់មែកឈើធំៗដែលងាយបាក់រលំពេលមេឃភ្លៀង និងខ្យល់បក់បោកខ្លាំងម្ដងៗ នៅក្នុងនោះផងដែរ ដូចដែលបងប្អូនប្រជាពលរដ្ឋបានជ្រាបហើយថា នៅរដូវកាលនេះ គឺជារដូវភ្លៀងធ្លាក់ខ្លាំងលាយលំ និងខ្យល់កន្ទ្រាក់ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការការពារសុវត្ថិភាពផ្ទាល់ខ្លួន រាល់ពេលដែលមេឃភ្លៀងខ្លាំងៗម្តង សូមមេត្តាសូមកុំឈប់ ឬចតនៅក្រោមដើមឈើធំៗ ដែលអាចងាយនឹងរងគ្រោះពីការរលំ និងបាក់មែកឈើ ។

ដោយឡែក យោងតាមប្រភពពីក្រសួងធនធានទឹក បានឲ្យដឹងថា ៖ ចាប់ពីថ្ងៃទី៥ដល់១១មិថុនានេះ អាកាសធាតុមានលក្ខណៈអំណោយផល តែឥទ្ធិពល El Nino និងបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ នៅតែបន្តកើតមាន ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា មកដល់ពេលនេះ ឥទ្ធិពល El Nino (El Nino Years) មិនទាន់បញ្ចប់កម្លាំងនៃឥទ្ធិពលរបស់វានៅឡើយទេ ដោយគ្រាន់តែចុះថមថយបន្តិចតែប៉ុណ្ណោះ ពោលគឺព្រះរាជាណាចក្រកម្ពុជាយើងបាននឹងកំពុងទទួលនូវឥទ្ធិពលនេះដដែល ។ ចំពោះបាតុភូតធម្មជាតិផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ (Thunderstorm) នៅតែបន្តកើតមាន ។ នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ ។

ពាក់ព័ន្ធនឹងអាកាសធាតុ ក្រុមមន្ត្រីនៃក្រសួងធនធានទឹកបានឲ្យដឹងទៀតថា ជ្រលងសម្ពាធទាបដែលកំពុងបន្លាយលើកម្ពុជាយើងភាគខាងលើ គួបផ្សំនិងខ្យល់មូសុងនិរតី ដែលមានឥទ្ធិពលកើនឡើងវិញ ធ្វើឲ្យស្ថានភាពអាកាសធាតុមានលក្ខណៈអំណោយផលល្អដល់កម្ពុជាយើង ។ យោងតាមលក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុប្រែប្រួលដូចខាងក្រោមនេះ

ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩ ភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ កន្លែងខ្លះអាចខ្លាំង ជាលក្ខណៈឡូកាល់ ។ ទន្ទឹមនោះភាពរាយប៉ាយនេះក៏កាន់តែមានភាពធំទូលាយ។

ចំពោះឥទ្ធិពល El Nino (El Nino Years) មិនទាន់បញ្ចប់កម្លាំងនៃឥទ្ធិពលរបស់វានៅឡើយទេ ដោយគ្រាន់តែចុះថមថយបន្តិចតែប៉ុណ្ណោះ ពោលគឺព្រះរាជាណាចក្រកម្ពុជាយើងបាននឹងកំពុងទទួលនូវឥទ្ធិពលនេះដដែល ។ ចំពោះបាតុភូតធម្មជាតិផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ (Thunderstorm) នៅតែបន្តកើតមាន ។ ដូច្នះសូមបងប្អូនប្រជាពលរដ្ឋបន្តមានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតអវិជ្ជមាន ៕ស តារា


ចែករំលែក៖