ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ ៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តអ្នកជិះម៉ូតូ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសចំនួន ៣នាក់បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកបើកបររថយន្តធុនធំ បុករះអ្នកជិះម៉ូតូ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើ បានកើតឡើងនៅវេនៅម៉ោង៥ និង២៥នាទី ល្ងាចថ្ងៃសៅរ៍ ៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

របាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តធុនធំ ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A 8182 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុបានបុកអ្នកជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1E 7925 កំពុងធ្វើចរាចរណ៍ច្រាស់ទិសគ្នា រថយន្តបង្កបន្តទៅបុកអ្នកម៉ូតូ ១គ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1J 7952 កំពុងធ្វើដំណើរច្រាស់ទិសគ្នាដែរ បណ្ដាលឲ្យភាគីអ្នកជិះម៉ូតូរងរបួសធ្ងន់ចំនួន ៣នាក់ អ្នកបើកបររថយន្តបង្កឃើញហេតុការណ៍បែបនេះ បើកទ្វាររថយន្តចុះរត់គេបាត់ស្រម៉ោល ។

របាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថបន្តថា ជនរងរបួសជិះម៉ូតូពាក់ស្លាកលេខ ពោធិសាត់ 1E 7925 ឈ្មោះ ស៊ុន សុភ័ក្រ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិធ្នោះតាចាប់ ឃុំស្នាមព្រះ ស្រុកបាកាន(ធ្ងន់) ចំណែកជនរងរបួសជិះម៉ូតូពាក់ស្លាកលេខ បាត់ដំបង 1J 7952 ឈ្មោះ សេង ហើម ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ សោ ចាន់ជូ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់) បច្ចប្បន្ន អ្នកទាំង ២នាក់ រស់នៅភូមិអណ្ដូងសំប៊ូ ឃុំស្នាមព្រះ ស្រុកបាកាន ។

របាយការណ៍ដដែលបន្តទៀតថា ជនរងរបួសធ្ងន់ទាំង ៣នាក់សាច់ញាតិ និងសមត្ថកិច្ច ជួយសម្រួលបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តបង្ក សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ យកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកាន រង់ចាំវាស់វែង និងដោះស្រាយជាក្រោយ ៕ ប៉ឹម ពិន


ចែករំលែក៖