ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានព័ទ្ធ ចាប់មុខសញ្ញា ជនសង្ស័យលួចកាច់សោ.កម៉ូតូម្នាក់ក្នុងចំណោមបក្ខពួក ២នាក់ បន្ទាប់ពីជនសង្ស័យរូបនេះ និងបក្ខពួកម្នាក់ទៀត ធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូគេបានសម្រេច ប៉ុន្តែជិះគេចមិនបានសម្រេច ។
ប្រតិបត្តិការខាងលើនេះធ្វើឡើងនៅរសៀលថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើខ្នងប្រឡាយបឹងខ្ទុម ស្ថិតក្នុងភូមិព្រះម្លូ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ឯក ម៉ូ លីដា ស្នងការរងផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា បើយោងតាមរបាយការណ៍នគរបាលស្រុកបាកាន ជនសង្ស័យជាមុខសញ្ញាឈ្មោះ វង់ ធឺន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្ដីស្វិត ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់(ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូគេចបាត់) ម៉ូតូដែលមុខសញ្ញាធ្វើសកម្មភាពលួចកាច់សោ.កម៉ាក វ៉េវអាល់ហ្វា ពណ៏ក្រហម គ្មានស្លាកលេខ ជាកម្មសិទ្ធិរបស់ឈ្មោះ សំ រ៉ន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។
លោកស្នងការរងបន្តថា ជនសង្ស័យជាមុខសញ្ញា និងបក្ខពួកអាចជិះម៉ូតូ ១គ្រឿងផ្សេងស្វែងរកដើម្បីធ្វើសកម្មភាពលួច លុះឃើញម៉ូតូគេចតលើខ្នងប្រឡាយគ្រាដែលម្ចាស់បើលស្រូវក្នុងស្រែ ក៍លួចធ្វើសកម្មភាពកាច់សោ.កជិះចេញយ៉ាងព្រងើយ ប៉ុន្តែត្រូវម្ចាស់ឃើញរាយការណ៍ប្រាប់សមត្ថកិច្ច និងសហការបានល្អពីពួកគាត់ចាប់បានភ្លាមៗ ។
លោកបន្តទៀតថា ជនសង្ស័យជាមុខសញ្ញាឈ្មោះ វង់ ធឺន បាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកបាកាន រួចទើបនាំយកមកការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបំពេញសំណុំឯកសារបញ្ជូនបន្តទៅសាលាដំបូងខេត្ត ចំណែកវត្ថុតាងម៉ូតូបានប្រគល់ទទួលជូនម្ចាស់ ៕ បុឹម ពិន