វិបត្តិនៅហុងកុងកាន់តែតានតឹងពីមួយថ្ងៃទៅមួយ ថ្ងៃ ហើយរដ្ឋាភិបាលទីក្រុងប៉េកាំង បានរកឃើញ ថាមាន ប្រទេស លោកខាងលិច នៅពីក្រោមសកម្មភាពធ្វើបាតុកម្មទាំងនោះ ។
នៅពេលនេះ ក្រសួងការបរទេសចិន បានកោះហៅមន្ត្រីការបរទេសអាមេរិក ដើម្បីប្រឆាំងពីការលូកដៃរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធទៅនឹងច្បាប់នាំខ្លួនអ្នកទោសនៅហុងកុង។ ទីក្រុងប៉េកាំងបានចោទអាមេរិកថា បានលូកដៃធ្វើឲ្យវិបត្តិនៅហុងកុងកាន់តែតានតឹង ។
រដ្ឋលេខាធិកាក្រសួងការបរទេសចិន លោក Le Yucheng កាលពីថ្ងៃទី១៤ ខែមិថុនា បាន កោះហៅ លោក Robert Forden អគ្គរដ្ឋទូតរងអាមេរិកប្រចាំនៅទីក្រុង ប៉េកាំងដើម្បីប្រឆាំងពីការលូកដៃ របស់អាមេរិកទៅលើបញ្ហាកោះហុងកុង។
តាមការប្រកាសរបស់ក្រសួងការបរទេស ចិនមិនអាចទទួលយកបានឡើយ នៅការជ្រៀតជ្រេកពីខាងក្រៅទៅលើបញ្ហាកោះហុងកុង ។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានអំពាវនាវដល់ ទីក្រុងវ៉ាស៊ីនតោន ឈប់ ជ្រៀតជ្រេកកិច្ចការផ្ទៃក្នុងរបស់ចិនពិសេស គឺនយោបាយចិនតែមួយ ។
កន្លងមក ចិនក៏ធ្លាប់បានកោះហៅមន្ត្រីស្ថានទូតអាមេរិក ដើម្បីប្រឆាំងនិង សកម្មភាពចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសកាណាដា។
ស្ថានភាពកោះហុងកុង បានធ្វើឲ្យទំនាក់ទំនង ចិនអាមេរិក កាន់តែតានតឹងខ្លាំងឡើង ក្នុងពេលដែលប្រទេសទាំងពីរប្រឈម និងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ៕