មេបក្សប្រឆាំងឥណ្ឌូនេស៊ី បានទាមទារឲ្យរៀបចំបោះឆ្នោតជាថ្មី ដោយចោទប្រកាន់ប្រធានាធិបតី វីដូដូ បានបន្លំសន្លឹកឆ្នោត ទើបជួយឲ្យលោកទទួលបានជ័យជំនេះនៅក្នុងការបោះឆ្នោតនាពេលកន្លងមក ។
ការបោះឆ្នោត នៅក្នុងប្រទេសឥណ្ឌូនេស៊ី មិនមែនជារឿងងាយស្រួលនោះឡើយ ហើយត្រូវគេចាត់ទុកថា ជាការបោះឆ្នោតធំបំផុតមួយ នៅលើពិភពលោក ដោយមានពលរដ្ឋ១៩៣លាននាក់ទៅបោះឆ្នោត ហើយការបោះឆ្នោតនោះ គឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ។
បើតាមសារព័ត៌មានរបស់បរទេស បានផ្សាយថា មន្ត្រីបុគ្គលិករាប់សន្លឹកឆ្នោតចំនួន២៧០នាក់បានស្លាប់ ហើយភាគច្រើនពួកគេបានស្លាប់ គឺជំងឺទាក់ទងនឹងការអស់កម្លាំង ដោយសារពួកគេរាប់សន្លឹកឆ្នោតដោយដៃ និងរាប់ច្រើនម៉ោង ក្នុងមួយថ្ងៃៗ។ រីឯបុគ្គលិកផ្សេងទៀតចំនួន ១៨៧៨នាក់ កំពុងធ្លាក់ខ្លួនឈឺ ។
កត្ដាទាំងនោះហើយ ទើបធ្វើឲ្យការបោះឆ្នោតឡើងវិញ មិនម៉ែនជារឿងងាយស្រួលនោះឡើយ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី ក្រុមប្រឆាំងនៅតែទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដោយចោទប្រកាន់ប្រធានាធិបតី ក្លែងបន្លំសន្លឹកឆ្នោត។ ក្រុមបក្សប្រឆាំងនៅប្រទេសឥណ្ឌូណេស៊ី បាននិងកំពុងព្យាយាមទទូចឲ្យតុលាការធម្មនុញ្ញ ចាត់ទុកជ័យជម្នះ នៅក្នុងការបោះឆ្នោតរបស់ប្រធានាធិបតី លោក Joko Widodo ទុកជាមោឃៈ ។ រីឯបក្សប្រឆាំងទទួចសុំឲ្យរៀបចំការបោះឆ្នោតសាជាថ្មី ដោយចោទប្រកាន់ថា ជ័យជម្នះរបស់លោកប្រធានាធិបតីនាពេលនេះ គឺជាការក្លែងបន្លំសន្លឹកឆ្នោត និងរំលោភអំណាច។
បើយោងតាមលទ្ធផលផ្លូវការ បានចេញផ្សាយដោយ គណៈកម្មាធិការរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ី កាលពីខែឧសភា បានបង្ហាញថា លោក Widodo បានផ្តួលគូប្រជែង តាំងពីអាណត្តិមុខរបស់លោក គឺលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ក្នុងការបោះឆ្នោតដែលបានប្រព្រឹត្តទៅ កាលពីខែមេសា។ ប៉ុន្តែលោក Subianto មិនបានទទួលស្គាល់លទ្ធផលនេះឡើយ។
សកម្មភាពខាងលើ ធ្វើឲ្យកើតមានការធ្វើបាតុកម្មតវ៉ា រហូតផ្ទុះជាអំពើហិង្សាពី សំណាក់ក្រុមអ្នកគាំទ្រលោក Subianto ជាមួយនិងកម្លាំងប៉ូលិសនៅក្នុងទីក្រុងហ្សាការតា កាលពីខែមុន។ ការប៉ះទង្គិចគ្នាពេលនោះបានបណ្តាលឲ្យមនុស្ស ០៨នាក់ស្លាប់ និងជាង ៩០០នាក់រងរបួស ហើយបាតុករជាច្រើននាក់ត្រូវបានចាប់ខ្លួន។ ដើម្បីបង្ការកុំឲ្យមានភាពវឹកវរកើតឡើងបានទៀត ប៉ូលិសនិងកងទ័ពប្រមាណ ១៧,០០០នាក់ ត្រូវបានដាក់ពង្រាយក្នុងទីក្រុងហ្សាការតា ខណៈតុលាការធម្មនុញ្ញឥណ្ឌូណេស៊ី នឹងប្រកាសសាលក្រមពាក់ព័ន្ធបណ្តឹងតវ៉ា លើលទ្ធផលឆ្នោតពីសំណាក់ក្រុមបក្សប្រឆាំង នៅថ្ងៃទី២៨ ខែមិថុនានេះ ៕