ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានសម្រេច ឲ្យក្រុមហ៊ុនរាជសីបញ្ឈប់សកម្មភាពនេះ ជាបន្ទាន់ដោយរកឃើញថា ក្រុមហ៊ុននេះធ្វើសកម្មភាពបំផ្លាញមាត់ច្រាំង និងបំផ្លាញដើមឈើនៅតាមមាត់ស្ទឹងសៀមរាបក្រោមលេស (ការពារទឹកជំនន់) ។
ចៅសង្កាត់សៀមរាបលោកម៉ៃ សាម៉េត បានឲ្យដឹងដែរថា៖ការតាមដានសកម្មភាពស្តារស្ទឹងសៀមរាបក្នុងជំហានទី 2 របស់ក្រុមហ៊ុនរាជសីឃើញមានសកម្មភាពមិនប្រក្រតីដែលធ្វើខុសពីគម្រោងរបស់កូរ៉េដោយក្រុមហ៊ុនកាយយកដីពីមាត់ស្ទឹងយកទៅលក់ឲ្យដីឡូត៍មួយកន្លែងដើម្បីធ្វើផ្ទះល្វែង លោកក៏បានរាយការណ៍ទៅសាលាក្រុងដើម្បីមានវិធានការទប់ស្កាត់ក្នុងសកម្មភាពនេះ ។
តាមប្រភពពីមន្ត្រីសាលាខេត្តសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ដីឡូតិ៍ដែលក្រុមហ៊ុនរាជសី ដឹកអាចម៍យកទៅចាក់នោះជារបស់លោកណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប ដោយថានេះជាការឃុបឃិតគ្នា រវាងលោកណម ពិសិដ្ឋ ជាមួយនឹងក្រុមហ៊ុនរាជសី ! ជុំវិញការកាយដោយខុសបច្ចេកទេសនេះ អាជ្ញាធរខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ បានសម្រេចឲ្យក្រុមហ៊ុនរាជសី បញ្ឈប់សកម្មភាពជាបន្ទាន់ បន្ទាប់ពីអាជ្ញាធររកឃើញថា ក្រុមហ៊ុននេះធ្វើសកម្មភាពកាយបំផ្លាញច្រាំង និងបំផ្លាញដើមឈើនៅតាមមាត់ស្ទឹងសៀមរាប ក្រោមរូបភាពកាយបើកមុខទឹក ដើម្បីការពារទឹកជំនន់លិចក្រុងសៀមរាបនារដូវវស្សានេះ ។
ពាក់ព័ន្ធ និងការបញ្ឈប់ការជីកកកាយ មាត់ស្ទឹងនេះរហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះយើងមិនទាន់ទទួលបានការបកស្រាយពីលោកណម ពិសិដ្ឋ និងខាងភាគីក្រុមហ៊ុនរាជសី នៅឡើយទេ ។
ពលរដ្នក្នុងមូលដ្ឋានតែងតែរអ៊ូរទាំថា ដំណាំ ហូបផ្លែ និងដើមឈើៗ ដែលគាត់បានដាំដុះកំពុងតែផ្លែផ្កា ត្រូវបានក្រុមហ៊ុន រាជសី ឈូសឆាយបំផ្លាញខ្ទេចខ្ទីគ្មានសល់ គ្មានស្រណោះម្ចាស់នោះឡើយ ធ្វើអ្វីតាមតែទំនើងចិត្ត ទោះបីសុំឲ្យទុកខ្លះក៏មិនបាន លុះក្រុមការងារថ្នាក់ខេត្តចុះមកបញ្ឈប់នោះ វាហួសពេលហើយ ព្រោះដំណាំពួកគាត់រលាយអស់ ប៉ុន្ដែនូវតែគាំទ្រចំណាត់ការរបស់អាជ្ញាធរខេត្តសៀមរាប ទៅលើក្រុមហ៊ុនរាជសី ដែលបានបំផ្លាញដំណាំតាមដងស្ទឹងសៀមរាបទាំងកម្រោល ៕ ប៊ុនរិទ្ធី