ភ្នំពេញ ៖ ស្របពេលដែលស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមកាលពីពីល្ងាចថ្ងៃទី២ និងមកដល់ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ មានពពកប្រមូលផ្ដុំ មេឃខ្មៅបង្កឲ្យមានភ្លៀងធ្លាក់រលឹមស្រិចៗជាប្រចាំ ក្នុងស្ថានភាពបែបនេះ ក្រសួងធនធានទឹក និង ឧតុនិយមបានចេញសេចក្តីប្រកាសជូនដំណឹងបន្ថែម ស្ដីពីព្យុះឈ្មោះ ម៉ាន់ (MUN) ខណៈព្យុះនេះមិនមែនបក់ចូលកម្ពុជានោះទេ តែមានឥទ្ធិពលដូចតទៅ ៖
-ខេត្តជាប់តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ច្រើនជោគជាំ ទាំងលើដីទាំង លើផ្ទៃសមុទ្រ ដោយល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រធំៗ ។
-ខេត្តនៅតំបន់ខ្ពង់រាបឦសានខាងកើត ជាប់ប្រទេសវៀតណាម មានភ្លៀងបន្តធ្លាក់ច្រើន ។
បណ្ដាលខេត្តភាគខាងជើង និងពាយ័ព្យ មានភ្លៀងពីតិចទៅបង្គួរ ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់អំពីព្យុះ ម៉ាន់ (MUN)នេះថា វិសម្ពាធទាបដែលកើតនៅលើភាគខាងកើតកោះហាយណាន់ បានវិវត្តទៅជាកូនព្យុះទី៤ (Tropical Storm) ឈ្មោះ ម៉ាន់ (MUN) ។ ព្យុះនេះនឹងបន្តដំណើរឆ្ពោះទៅភាគខាងលើឈូងសមុទ្រតុងកឹង មុននឹងថមថយឥទ្ធិពលជាវិសម្ពាធទិញទៅនៅពេលឡើងគោក នៅខាងត្បូងប្រទេសចិន នៅវេលាយប់ឆ្លងចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ ។
ក្នុងស្ថានភាពដូចខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយមនៅតែបន្តអំពាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងនូវបញ្ហាបាតុភូត ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ អវិជ្ជមាន ៕ សុខ ខេមរា