អាជ្ញាធរខេត្តពោធិ៍សាត់ មិនដែលខ្វល់អំពល់បញ្ហា បទល្មើសព្រៃឈើដែលកំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេងនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នោះឡើយ ។ ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក៏ស្ងៀមឈឹង ហើយក្រសួងក៏មិនដែលឮថា នឹងចាត់វិធានការមន្ត្រីពាក់ព័ន្ធនឹងបទល្មើសនោះដែរ ។ ប្រការនេះធ្វើឲ្យពួកមន្ត្រីបរិស្ថាន ដែលមានភារកិច្ចជាអ្នកការពារព្រៃឈើក្លាយទៅជាអ្នកកាងបទល្មើសទៅវិញ ។ ជាក់ស្តែងមន្ត្រីបរិស្ថាននៅស្នាក់ការជួរភ្នំក្រវាញ ភាគកណ្តាលឈ្មោះ ជួន ភាព ក្លាយទៅជាអ្នកសម្របសម្រួលរវាងអ្នកចូលព្រៃរកឈើ ជាមួយនឹងឈ្មួញកណ្តាលទៅវិញ ។ អ្នកចូលព្រៃតំបន់អភិរក្ស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សុទ្ធតែដឹងថា មន្ត្រីបរិស្ថានឈ្មោះ ជួន ភាព ជាអ្នកសម្របសម្រួលរវាងឈ្មួញ នឹងអ្នកកាប់ឈើ ។
អ្នករកស៊ីឈើទាំងឡាយ សុទ្ធតែត្រូវបានណែនាំថា ឲ្យយកឈើទៅលក់ជូនចែ ភក្តិ និងដៃគូ លោក ណាក់ ។ ពួកអ្នកជីកកកាយបានឫសគល់ឈើ ដែលមានតម្លៃត្រូវយកមកថ្លឹងលក់ឲ្យចែ ភក្តិ ដែលបោះទីតាំងនៅជិតចម្ការតាលី ស្ថិតក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ។ ពួកឈ្មួញដទៃទៀត ដូចជាលោក ផាន់នី ក៏បានជួយសម្របសម្រួលក្នុងរបររកស៊ីឈើដូចគ្នា ពីព្រោះលោក ផាន់នី ជាអតីតមន្ត្រីយោធា ដែលស្គាល់សមត្ថកិច្ចនៅតាមដងផ្លូវច្រើន ដូច្នេះ គាត់ក៏បានដើរតួនាទីក្នុងការជួយឲ្យចែភក្តិ និងដៃគូ ឈ្មោះណាក់ អាចរកស៊ីឈើបានដោយរលូនផងដែរ ។ គេរាយការណ៍ថា នៅក្នុងព្រៃមានមន្ត្រីបរិស្ថានឈ្មោះជួន ភាព ជួយ ហើយផុតពីព្រៃ គឺមានលោកផាន់នី ជាអ្នកជួយឲ្យចែ ភក្តិ និងលោក ណាក់ អាចរកស៊ីឈើដោយរលូន ។ បើទោះបីជាការដឹកជញ្ជូនមិនចំហរដូចមុន ទាំងចែភក្តិ និងលោកផាន់នី នៅតែអាចដឹកជញ្ជូនឈើបានជារៀងរាល់យប់ ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីបរិស្ថាននៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ គឺជាអ្នកបើកដៃឲ្យមានការកាប់បំផ្លាញព្រៃឈើដោយផ្ទាល់ ហើយពួកមន្ត្រីរដ្ឋបាលព្រៃឈើនៅតាមផ្លូវ ចាំតែលូកដៃយកលុយពីឈ្មួញប៉ុណ្ណោះ ។ ពួកមេព្រៃនិយាយថា ខ្លួនគ្មានកំហុសទេ ពីព្រោះឈើទាំងនោះចេញពីតំបន់ដែនជម្រក ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់មន្ត្រីបរិស្ថាន ។ ដូច្នេះ បញ្ហាបទល្មើសព្រៃឈើចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្លាយទៅជាប្រព័ន្ធ ទាំងមន្ត្រីបរិស្ថាន ទាំងមន្ត្រីរដ្ឋបាលព្រៃឈើ ដែលសហការគ្នា បង្កឲ្យមានបទល្មើសដើម្បីផលប្រយោជន៍ ។ គេមិនដែលឮពួកមន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ចុះបង្ក្រាបបទល្មើសនៅតំបន់ដែនជម្រកម្តងណាឡើយ ។ យូរៗម្តង គេឃើញសមត្ថកិច្ចដទៃដូចជាកងរាជអាវុធហត្ថជាដើមចេញទៅបង្ក្រាបបទល្មើសទាំងនោះ ។ ដូច្នេះ ប្រសិនបើមិនមានវិធានការ ព្រៃឈើនៅតំបន់ការពារភ្នំឱរ៉ាល់ មុខជារលាយមិនខាន ៕