ភ្នំពេញ ៖ នារីម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនក្រោយធ្វើសកម្មភាពប្រើកន្ត្រៃកាត់យកខ្សែកកូនក្មេង ត្រូវម្តាយឃើញទាន់ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងនាំគ្នាចាប់ជាប់ រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ករណីអំពើលួចកាត់យកខ្សែកខាងលើនេះ បានកើតឡើងវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្សាររីករាយ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ជនសង្ស័យ ឈ្មោះ វេន សាវឿន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ ផុន ចរុយា ភេទស្រី អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ជាម្តាយរបស់កុមាររងគ្រោះឈ្មោះ វណ្ណា គឹមឡុង ភេទប្រុស អាយុ២ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨២C ផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សម្ភារបាត់បង់ ៖ គ្មាន ។
សម្ភារបន្សល់ទុក ៖ ខ្សែកប្លាកទីន ទម្ងន់២កន្លះជី០១ខ្សែ (របស់ជនរងគ្រោះ) , កន្ត្រៃដែកចំនួន០១ និង កូនកាបូបស្ពាយចំនួន០១របស់ជនសង្ស័យ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕ តុង សីហា