ខេត្តសៀមរាប៖ រថយន្តសាំយ៉ុងបើកបញ្ច្រាសទិសគ្នា បុកបុរសម្នាក់កំពុងបើកបរម៉ូតូពេញទំហឹងបណ្ដាលឲ្យដាច់ជើងម្ខាងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៣ទៀបភ្លឺ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ នៅលើថ្នល់ជាតិលេខ០៦ ស្ថិតនៅភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកសាំយ៉ុង ពណ៌ខៀវ និងម៉ូតូបើកបញ្ច្រាសទិសគ្នាបណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ ជនរងគ្រោះមានឈ្មោះ ឈួន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ អណ្ដោង ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ។ ចំណែកអ្នកបើបររថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ដ ។
រហូតមកដល់ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ និងកំពុងស្រាវជ្រាវតាមចាប់ខ្លួន៕ ប៊ុនរិទ្ធី