ព័ត៌មានទាន់ហេតុការណ៍៖

ជាងឈើម្នាក់ គេហៅឲ្យជួសជុលផ្ទះ បែរជាលួចទូរស័ព្ទម្ចាស់ផ្ទះទៅបញ្ចាំដាច់ក្នុងតម្លៃជាង ៥០០ដុល្លារ មួយឆ្នាំក្រោយទើបឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ជាជាងឈើត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សកែវ ស្រាវជ្រាវតាមចាប់ខ្លួនជាងមួយឆ្នាំទើបចាប់ខ្លួនបាន កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ចំណុចមុខវត្តទួលសន្តិវ័ន្តក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែ្រលេខ៦ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពលួចទូរស័ព្ទដៃម៉ាកសាំសុងS10 Plus តម្លៃជាង ១,០០០ដល្លារ ជារបស់ម្ចាស់ផ្ទះដែលហៅមកឲ្យជួសជុលផ្ទះ យកទៅបញ្ចាំដាច់ក្នុងតម្លៃជាង ៥០០ដុល្លារនៅកន្លែងបញ្ចាំមួយកន្លែងក្នុងសង្កាត់ទួលសង្កែទី១ ហើយគេចខ្លួនបាត់ ។

ជនសង្ស័យឈ្មោះ ទូច សំអាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ សម្ភស្ស កញ្ចនា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២០៥B ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បើតាមការរៀបរាប់ពីនារីរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យជាជាងផ្ទះ ហើយគាត់បានហៅឲ្យជួសជុលផ្ទះរបស់គាត់ តាំងពីជាងមួយឆ្នាំមុន ខណៈវាយសេឡេចមិនទាន់រួចផង ក៏បានចេញទៅបាត់ ។ លុះរហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ស្រាប់តែជនសង្ស័យបានមកផ្ទះគាត់ម្តងទៀត ថាធ្វើសេឡេចឲ្យពេលនោះរូបគាត់បានទុកទូរស័ព្ទលើតុ ហើយរវល់យកកូនទៅឲ្យបត់ជើងក្នុងបន្ទប់ទឹក ពេលចេញមកវិញរយៈពេលតែមួយភ្លែតសោះ ក៏ឃើញជនសង្ស័យជិះម៉ូតូចេញទៅបាត់ ហើយក្រឡេកមើលទូរស័ព្ទបាត់ដែរ ។

បន្ទាប់ពីបាត់ទូរស័ព្ទភ្លាមរូបគាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីជួយអន្តរាគមន៍ ។

តាមប្រភពពីមន្រ្តីនគរបាលខណ្ឌឬស្សកែវ បានឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងស្រ្តីរងគ្រោះភ្លាម កម្លាំងជំនាញបានសហការជានគរបាលប៉ុស្តិ៍ ធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបានតែម្តង ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា រូបគេពិតជាបានលួចទូរស័ព្ទជនរងគ្រោះពិតប្រាកដមែន ដោយបានយកទៅបញ្ចាំដាច់ក្នុងតម្លៃជាង ៥០០ដុល្លារ នៅផ្ទះបញ្ចាំមួយកន្លែងក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ហើយនៅពេលដែលសមត្ថកិច្ចនាំជនសង្ស័យទៅសួរនាំទៅទីតាំងទទួលបញ្ចាំនោះ បានប្រាប់សមត្ថកិច្ចថា គាត់លក់ចេញបាត់ហើយ ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕អារុណរះ


ចែករំលែក៖