ភ្នំពេញ៖ បុរសជាកងទ័ពជើងទឹកម្នាក់ ដើរឆ្លងផ្លូវត្រូវបានម៉ូតូបុកពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចជាប់របងកំពង់ផែភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហែម នៅ អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកងទ័ពជើងទឹក អគ្គបញ្ជាដ្ឋាន ឋានន្តរសក្តិ វរសេនីយ៍ទោ សព្វថ្ងៃរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជាជនរងគ្រោះបានដើរឆ្លងផ្លូវតាមបណ្តោយផ្លូវលេខ៨៤ (វិថី នារីក្លាហាន) ខណៈដើរឆ្លងផ្លូវស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកភូរ ស្រា ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ ភ្នំពេញ 1CT.9933បើកដោយបុរសម្នាក់យ៉ាងលឿនតាមបណ្តោយផ្លូវព្រះសុីសុវត្ថិ បុកពេញទំហឹងបណ្តាលឲ្យអ្នកដើរ និងអ្នកបុករងរបួសធ្ងន់ទាំងសងខាង ភ្លាមៗក៏មានរថយន្តសង្រ្គោះមកដឹកយកទៅមន្ទីពេទ្យ តែកម្មអកុសលបានពាក់កណ្តាលផ្លូវបានស្លាប់អ្នកដើរឆ្លងផ្លូវជាកងទ័ពជើងទឹក និងរងរបួសធ្ងន់អ្នកជិះម៉ូតូ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ក៏ទាក់ទងជំនាញចរាចរក្រុងចុះមកវាស់វែងយកម៉ូតូ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ