ខេត្តកំពង់ធំ ៖ មតិពលរដ្ឋបានលើកឡើងថា៖ មានលុយ មានអំណាច ! តើលោក លឹម ភ័ណ្ឌ អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ គេចផុតពីសំណាញ់ច្បាប់ដែរឬទេ បើលួចផលិតទឹកក្រូចអត់ស្តង់ដារ ខូចគុណភាព លក់ចែកចាយបំផ្លាញសុខភាពប្រជាពលរដ្ឋដ៏ធ្ងន់ធ្ងរនេះ..?
មន្ត្រីនិងសមត្ថកិច្ចបានអោយដឹងថា៖ លោក លឹម ភ័ណ្ឌ អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរ អះអាងថា បានគេចខ្លួន មុនពេលសមត្ថកិច្ចចុះបង្ក្រាបទីតាំងផលិតទឹកក្រូចខូចគុណភាព ដែលបានដំណើរការរាប់ឆ្នាំ នៅចំណុចសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ ។
មជ្ឈដ្ឋានជាច្រើន ចង់ឃើញសមត្ថកិច្ចអនុវត្តច្បាប់ដោយតម្លាភាពនិងតឹងរឹងបំផុត ពោលគឺត្រូវចាប់ខ្លួនលោក លឹម ភ័ណ្ឌ ដែលមានមុខរបរច្បាស់លាស់ មានទីលំនៅច្បាស់លាស់ ដោយកុំខ្លាចញញើត ឬ រងសម្ពាធកត្តាអ្វីផ្សេងឡើយ ។
ទោះបីយ៉ាងណា ពាក់ព័ន្ធករណីនេះ អង្គភាព «នគរវត្ត» ពុំទាន់អាចទំនាក់ទំនងការបញ្ជាក់ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បាននៅឡើយទេ ដោយសារទូរស័ព្ទចូល តែត្រូវបានចុចបិទ ។
សូមបញ្ជាក់ថា លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកម្លាំងបង្ក្រាបទីតាំង សិប្បកម្មផលិតទឹកក្រូចយីហោ លឹម ភ័ណ្ឌ ដោយរកឃើញទឹកក្រូច ជាច្រើនប្រភេទ ដែលផលិត ដាក់មេលាយជាមួយទឹក សម្រាប់លក់ចែកចាយនៅលើទីផ្សារក្នុងខេត្តកំពង់ធំ និង តាមបណ្តាខេត្តមួយចំនួនទៀត។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានចុះឆែកឆេររកឃើញទឹកក្រូចក្លែងក្លាយជាច្រើនប្រភេទរួចមក ម្ចាស់សិប្បកម្ម ឈ្មោះលឹម ភ័ណ្ឌ បានរត់គេចខ្លួនបាត់។ មហាជនកំពុងរង់ចាំមើលថា តើបុគ្គលលឹម ភ័ណ្ឌ អាចរួចផុតពីសំណាញ់ច្បាប់បានដែរឬទេ ? ខណៈដែលបុគ្គលម្នាក់នេះ ជាអ្នកមានលុយ មានអំណាច នៅក្នុងខេត្តកំពង់ធំនោះ៕ ចេស្តា