រឿងលៀសគិតថា កំប៉ិកកំប៉ុក ប៉ុន្តែឈ្មួញប្រមូលប្រាក់វាល់ម៉ឺនដុល្លារ តាមរយៈការឃុបឃិតជាមួយសមត្ថកិច្ចរដ្ឋបាលជលផល ។ រីឯប្រជាពលរដ្ឋអ្នកនេសាទលក្ខណៈគ្រួសាររាវលៀសយកមកហាលស៊ី មិនបានជាដាច់ខាត ។ គិតទៅដូចជាតឹងតែងគួរសមដែរ ។ រឿងនេះបានកើតឡើងនៅតំបន់បឹងទន្លេសាប ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមានឈ្មួញពីរនាក់ឈ្មោះ ចែ វណ្ណី និង តាម៉ុង ដែលជាអ្នកម៉ៅផ្តាច់រឿងលៀសនៅបឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់ ។ រីឯក្រុមមន្ត្រីរដ្ឋបាលជលផល ត្រូវបានឈ្មួញទាំងពីរនាក់នេះដាក់នៅឲ្យស្ងៀមមិនឲ្យកម្រើក សូម្បីបន្តិច ។ ម្យ៉ាងទៀត ដោយសារគេគិតថារឿងលៀសកំប៉ិកកំប៉ុក ទើបមិនសូវមានអ្នកចាប់អារម្មណ៍ ។ វាជាបញ្ហាកំប៉ិកកំប៉ុក ប៉ុន្តែបានផ្តល់ចំណូលឲ្យឈ្មួញទាំងពីរនាក់ និងមន្ត្រីរដ្ឋបាលជលផលនៅក្នុងតំបន់រាប់ម៉ឺនដុល្លារផងដែរ ក្នុងមួយរដូវ ។
តាមការអះអាងរបស់ប្រជានេសាទក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល ក្នុងស្រុកក្រគរ និងស្រុកកណ្ដៀងទេនោះ គឺគ្មានជនល្មើសណាអាចធ្វើសកម្មភាពប្រើទូកអូសលៀស កាវលៀស នៅក្នុងតំបន់អភិរក្សបានឡើយ។ ក្នុងនោះអ្នករត់ការឈ្មោះ ចែវណ្ណនី និងឈ្មោះ តាម៉ុង គឺជាអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកកណ្ដៀង និងស្រុកក្រគរ ក៏ដូចជាជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ចំណែកលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ក្នុងខណៈដែលសកម្មភាពនេសាទខុសច្បាប់កំពុងកើតឡើងយ៉ាងរាលដាលនៅតំបន់បឹងទន្លេសាបនៃស្រុកក្រគរ និងស្រុកកណ្ដៀង។
ប្រភពបានរាយការណ៍ថា ពួកមន្ត្រីជលផលធ្វើមិនដឹងមិនឮចំពោះសកម្មភាពនេសាទខុសច្បាប់នៃការអូសលៀស និងកាវលៀស ដោយប្រើឧបករណ៍ទូកម៉ាស៊ីនធំៗ ។ មន្ត្រីថ្នាក់ធំ នៃមន្ទីរកសិកម្មខេត្ត រួមចំណែកធ្វើមិនដឹងមិនឮចំពោះបញ្ហាលៀសនេះ ដោយគិតថា វាជារឿងធម្មតានៅក្នុងការប្រមូលផលលៀស ។ ប៉ុន្តែបើតាមអ្នកជំនាញ សកម្មភាពអូស ឬកាវលៀសផ្តល់មហន្តរាយយ៉ាងខ្លាំងដល់ធនធានធម្មជាតិនៅក្នុងបឹងទន្លេសាប ។ ជីវៈចម្រុះនៅក្នុងបឹងទន្លេសាបប្រឈមនឹងការបាត់បង់ជាបន្តបន្ទាប់ ។ មានន័យថា មិនមែនត្រឹមតែលៀសនោះទេ ដែលត្រូវបំផ្លិចបំផ្លាញផ្តាច់ពូជ សូម្បីតែធនធានផ្សេងទៀតនៅក្នុងទឺក ក៏ត្រូវប្រឈមនឹងការរលំរលាយផ្តាច់ពូជនោះដែរ ។ មន្ត្រីមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ក៏ដូចជាថ្នាក់ដឹកនាំខេត្តពោធិ៍សាត់គិតថា វាជារឿងកំប៉ិកកំប៉ុកទេ ដូច្នេះទើបបណ្តោយឲ្យពួកឈ្មួញក្រឡុកតាមចិត្តនៅតំបន់បឹងទន្លេសាប ៕