ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថា៖ សំរាម​មិនមែននំបុ័ងសាច់ទេ

ចែករំលែក៖

ចំឡើយច្រើនលើកច្រើនសារ​របស់មន្ត្រីគយ​ពាក់ព័ន្ធនឹងបញ្ហាសំរាម​៨៣កុងតឺន័រយកមកទុកចោល​នៅក្រុងព្រះសីហនុ ប៉ុន្មានថ្ងៃកន្លងមកនោះ ធ្វើឲ្យប្រជាពលរដ្ឋវិលវល់ ដែលម្តង​លោកមេគយថា ជាក្រុមហ៊ុនរបស់ចិន ប៉ុន្តែនៅពេលមន្ត្រីស្ថានទូតចិនបដិសេធ លោកគយប្រាប់ថា ជាក្រុមហ៊ុនរបស់ខ្មែរ ដែលមានចិនធ្វើការនៅក្នុងនោះ (Sic) ។ ហ៊ឺម… បើគ្រាន់តែក្រុមហ៊ុនណាមួយ​ឲ្យច្បាស់លាស់ ក៏មិនប្រាកដនោះ តើឲ្យរាស្ត្រខ្មែរ​ជាង​១៥លាននាក់ រំពឹងលើលោកគយ​យ៉ាងដូចម្តេច? ពិតហើយ គឺក្រុមហ៊ុន ជុងយៀន ប្លាស្ទិក (Chung Yuen) ដែលមានថៅកែជាជនជាតិខ្មែរ ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនណាមួយនោះ​មិនសំខាន់ ដែលរាស្ត្រខ្មែរចង់ដឹងនោះទេ ប៉ុន្តែថាតើ ការប្តេជ្ញាចិត្តរបស់មន្ត្រីគយ​ថា នឹង​នាំ​សំណល់ប្លាស្ទិកទាំងនោះទៅប្រទេសដើមវិញ ឲ្យខាងតែបាន តើអាចទៅរួចទេ?

រាស្ត្រខ្មែរចង់ដឹងថា តើវាស៊ីពេលប៉ុន្មានក្នុងការរៀបចំ​បែបបទ​សំណុំឯកសារ​នាំ​សំរាមទាំង១៦០០​តោនទៅ​ប្រទេស​ប្រភពដើមវិញនោះ (កាណាដា និងអាមេរិក) ។ ទៅរួចទេ ដែលថា ការសន្យានោះ​អាចនឹងទទួលបានលទ្ធផលវិជ្ជមាន ហើយប្រទេសដើម​អាច​ទទួល​យកសំណល់របស់ខ្លួនវិញនោះ? រឿងរ៉ាវនេះ ហាក់ដូចជាច្របល់ខ្លាំង​នៅក្នុងចំណោមមន្ត្រីអ្នកអនុវត្តច្បាប់ ជាពិសេស​មន្ត្រីគយ ដែលធ្វើកិច្ចការនេះ ។ ចំឡើយមិនស្របគ្នា​ក្នុង​រឿងនេះ ធ្វើឲ្យប្រជារាស្ត្រយល់ច្រឡំចំពោះការទទួលខុសត្រូវ​ក្នុងនាម​ខ្លួនជាសមត្ថកិច្ច ។ យ៉ាងណាក៏ដោយ មន្ត្រីគយបានអះអាងដោយខ្លួនឯងថា វាជាជោគជ័យដែលអាចរកឃើញសំរាម​៨៣កុងតឺន័រ ឬជាង១៦០០​តោននៅ​កំពង់ផែក្រុងព្រះសីហនុ មុនពេលដែលគេដឹកយកទៅបោះចោលនៅព្រះរាជាណាចក្រកម្ពុជា? សម្រាប់រាស្ត្រខ្មែរ​ដែលមានការអប់រំតិចតួច នៅតែឆ្ងល់ថា ហេតុអ្វីបានជានៅក្នុងឯកសារ​ និង​ការពិតខុសគ្នា​យ៉ាងដូច្នេះ? តើ​នាពេលកន្លងមក មានការបន្លំ​ដូចករណី​សំរាមទាំង​៨៣កុងតឺន័រនេះដែរឬទេ? ការដែល​មន្ត្រីគយដាក់ការសង្ស័យ ហើយព្យាយាមគាស់ទូកុងតឺន័រ​មើលនោះ វាជាជោគជ័យមួយ ប៉ុន្តែ បើដឹង​តាំងពីមុនមក ក៏ល្អម្យ៉ាងដែរ ។

សម្រាប់ប្រជាពលរដ្ឋនៅតែឆ្ងល់ថា ហេតុអ្វីបានជាមានភាពខុសគ្នារវាងឯកសាររត់ការ និងផលិតផលជាក់ស្តែង? ប្រសិនបើ​នៅក្នុងឯកសារ​ គេដាក់ជាផលិតផល
សម្រាប់ប្រើប្រាស់ ឬគ្រឿងសំអាង ប៉ុន្តែ​ជាក់ស្តែង វាជាគ្រឿងញៀនទៅវិញនោះ នឹងទៅជាយ៉ាងណា? រាស្ត្រខ្មែរនៅតែឆ្ងល់ថា តើ​អាចថា ជាការឃុបឃិតគ្នារវាង​ក្រុមមន្ត្រីណាមួយជាមួយនឹងក្រុមហ៊ុន​ឯកជនដែលមានប្រភពនៅស្រុកខ្មែរនេះដែរ​ឬទេ? ពីព្រោះថា ចាប់តាំងពីមានរឿងនេះមក ស្ថាប័នគយ​ហាក់ដូចជាមិនទាន់បញ្ជាក់អំពី​ភាពច្បាស់លាស់ ក្នុង​ការទទួលខុសត្រូវ​លើបញ្ហានេះនៅឡើយ ។ វាជាភាពអាម៉ាសដែលដំបូងឡើយ គេមិនដឹងសូម្បីប្រភពសំរាមទាំង​៨៣កុងតឺន័រនោះមកពីណា ហើយមិនដឹងឈ្មោះក្រុមហ៊ុននោះទៅទៀត ។ ឆ្លងតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ គេរកឃើញថា សំរាមទាំងនោះ​ត្រូវបាននាំមកពីប្រទេសកាណាដា និងសហរដ្ឋអាមេរិក តាមរយៈក្រុមហ៊ុនចិន ។ ប៉ុន្តែ​ឥឡូវនេះ មេគយអះអាងថា មិនមែន​ក្រុមហ៊ុនចិនទេ គឺក្រុមហ៊ុន​ខ្មែរដែលមានជនជាតិចិនធ្វើការនៅក្នុងនោះ ។

យ៉ាងណាក៏ដោយ រាស្ត្រខ្មែរនៅតែចង់ឲ្យប្រមុខរាជរដ្ឋាភិបាលចាត់វិធានការ​រកមុខ​អ្នកទទួលខុសត្រូវ ឬនិយាយឲ្យខ្លីងាយយល់ រាស្ត្រចង់ដឹង​ថា តើនរណាស៊ីញ៉េឲ្យ​ទំនិញ​៨៣កុងតឺន័រនេះនាំចូល បើទោះបីជា​មិនដឹងថា ជាសំរាម ឬក៏ផលិត​ផលកែច្នៃ​យ៉ាងណាក៏ដោយ​នោះ ។ ប្រសិនបើរកឃើញថា អ្នកចុះហត្ថលេខាឲ្យគេនាំ​ទំនិញទាំង៨៣កុងតឺន័រនេះចូលហើយ តើអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាស្ថាប័នជំនាញ អាចដាក់ការទទួលខុសត្រូវ​ចំពោះមន្ត្រីនោះបានដែរឬទេ? នេះគេហៅថា មានចំណែកខ្លះនៃការទទួលខុសត្រូវ? កុំឲ្យនាំចូលសំរាម៨៣កុងតឺន័រហើយ គ្មានអ្នកទទួលខុសត្រូវ​យ៉ាងនេះ ។ ប្រជារាស្ត្រខ្មែរសព្វថ្ងៃ មានការចេះដឹងខ្លះដែរ ដូច្នេះ ការដែលសមត្ថកិច្ច ជាពិសេសគយរុញបញ្ហាចុះឡើង វាមិនមែនជាដំណោះស្រាយនោះទេ ផ្ទុយទៅវិញ អ្នកដែលធ្វើគឺហ៊ានទទួលខុសត្រូវខ្លះផង ។ ការទទួលខុសត្រូវ​មិនមែនមានតែខាងក្រុមហ៊ុននោះទេ ប៉ុន្តែមន្ត្រីដែលចុះហត្ថលេខា​ឲ្យគេនាំសំរាមទាំង៨៣កុងតឺន័រចូលនោះ ក៏ជាអ្នកទទួលខុសត្រូវមុនគេផងដែរ ។

សម្រាប់រាស្ត្រខ្មែរអ្វីដែលចង់បាននោះ គឺសំរាមទាំងនោះត្រូវបាននាំចេញត្រឡប់ទៅវិញ ឲ្យបានយ៉ាងឆាប់បំផុត តាមតែអាចធ្វើទៅបាន ។ ហេតុអ្វីបានជាមន្ត្រីគយ​ត្រូវរង់ចាំពេលវេលា ជួបជាមួយក្រុមហ៊ុនរហូតដល់ដើមសប្តាហ៍ក្រោយ? នីតិវិធីត្រូវចំណាយពេលប៉ុន្មានសប្តាហ៍ ដើម្បីអាចឲ្យក្រុមហ៊ុននោះនាំសំរាមទាំងនេះត្រឡប់ទៅវិញ? តើប្រាកដឬទេ ដែលថាក្រុមហ៊ុននោះអាចនឹងនាំសំរាម​ទាំង១៦០០​តោន ចេញពីកម្ពុជា? ដោយមិនបាច់វែកញែករកអ្នកទទួលខុសត្រូវ ក្នុងរឿងដដែលៗនេះ តើសំណុំរឿងសំរាមបែបនេះ នឹងត្រូវបញ្ឈប់បានដែរឬទេ? ប្រមុខរាជរដ្ឋាភិបាល​បានបញ្ជាក់ជាញយដងហើយថា កម្ពុជាមិនមែនជាទីលានចាក់សំរាមនោះឡើយ ។ សម្រាប់ប្រជាពលរដ្ឋខ្មែរវិញ សំរាមមិនមែនជានំបុ័ងសាច់សម្រាប់ចែករំលែកគ្នាទទួលទាននោះទេ បើទោះបីជាវា ជាសាច់ជ្រូកបីជាន់​សម្រាប់ពួកមន្ត្រីពុករលួយមួយចំនួនណានោះក៏ដោយ ៕


ចែករំលែក៖