ព័ត៌មានទាន់ហេតុការណ៍៖

កំពុងបើកម៉ូតូសុខៗ ស្រាប់តែរេចង្កូតចូលក្រោមរថយន្តដែលកំពុងបើកបរ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ទំនងជាដោយសារស្ថានភាពផ្លូវ ឬបញ្ហាសុខភាព ធ្វើឲ្យបុរសម្នាក់ដែលកំពុងជិះម៉ូតូសុខៗ ក៏ស្រាប់តែរេចង្កូតដួលចូលទៅក្រោមរថយន្ត តែចាត់ទុកថា សំណាង១ក្នុង១ពាន់គ្រោះថ្នាក់ ដែលមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត គ្រាន់តែរងរបួស ។ ក្រោយពីកើតហេតុ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ បន្សល់តែវត្ថុតាងនៅកន្លែងកើតហេតុ ចំណែកសមត្ថកិច្ចបានចុះអន្តរាគមន៍​បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរាណ៍នេះកើតឡើងកាលពីវេលាម៉ោង១៦ និង៣២ នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ត្រង់ចំណុចភូមិចំការរដ្ឋឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ភាគីរងគ្រោះជិះម៉ូតូម៉ាក ហុងដា សេ 125 ស៊េរី 2015 ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1C.9953 អ្នកបើកបរឈ្មោះ ឈុន លៀង ភេទប្រុស អាយុ48ឆ្នាំ រស់នៅភូមិតាំងស្រឡៅ ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញភាគីម៉ូតូបើកបរមកពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ បានរេចង្កូតដួលខ្ទាតអ្នកបើកម៉ូតូចូលក្រោមរថយន្ត1គ្រឿង ម៉ាក ហ្វ៊ុយហ្សូ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A.1698 មានសណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4B.0323 (អ្នកបើកបរមិនស្គាល់ឈ្មោះនិងទីលំនៅ )ដែលកំពុងបើកបរ ទិសដៅពីកើតទៅលិច បណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ក្រោយកើតហេតុ អ្នកបើកបរចុះរត់គេចខ្លួនបាត់បន្សល់តែវត្ថុតាងនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត្ររាជធានីភ្នំពេញ ។
បន្ទាប់ពីវាស់វែង និងកំណត់ហេតុរួចរាល់ ចំពោះវត្ថុតាងទាំងពីរគ្រឿង ម៉ូតូខូចខាតកម្រិតស្រាល ត្រូវបាននាំយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំឲ្យភាគីទាំង២ចរចាគ្នានៅពេលក្រោយ ៕ សេនាស័ក្តិ

ចែករំលែក៖