ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តLEXUS RX៣០០ បុកជាមួយម៉ូតូរងរបួសធ្ងន់នារីកាត់ដេរម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារីរៀនកាត់ដេរម្នាក់ បានរងរបួសធ្ងន់ សន្លប់នឹងកន្លែង ខណៈដែលជិះម៉ូតូបត់ឆ្វេង ក៏ត្រូវរថយន្តមកពីក្រោយបុកពេញទំហឹងកាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង៣រសៀល លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែត្រលេខ ១៣១ និង១៣២ ស្ថិតក្នុងភូមិ ស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា នារីដែលជិះម៉ូតូបត់ឆ្វេងមិនប្រយត្ន័ មានឈ្មោះថន ស្រីលាក់ អាយុ២០ ឆ្នាំ មុខរបរ រៀនកាត់ដេរ រស់នៅភូមិ ឃ្លាំង ឃុំ ពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយពីឃើញសភាពការណ៍មិនស្រួល រត់គេចខ្លួនភ្លាមៗ បន្សល់តែរថយន្ដម៉ាក LEXUS RX៣០០ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ ២AA ៧៣១៤ នៅនឹងកន្លែងកើតហេតុ ។

ប្រភពបន្តថា មុនកើតហេតុមាននារីម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅពាក់ ស្លាកលេខស្វាយរៀង ១G ១៧៦៧ ក្នុងទិសដៅពីលិចទៅកើតហើយ ក៏បានបត់ឆ្វេងមិនមើលក្រោយស្រាប់តែមានរថយន្តម៉ាក LEXUS RX៣០០ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ ២AA ៧៣១៤ ទិសដៅស្របគ្នា មកពីក្រោយចាប់ហ្វ្រាំងមិនទាន់ បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក អ្នករបួសធ្ងន់ត្រូវបានសមត្ថកិច្ចដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តស្វាយរៀង រួចវាស់វែងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ៕ យឹម សុថាន


ចែករំលែក៖