ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្ស និងអនិតិជនរបស់ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប៉ុស្តិ៍បឹងសាឡាង ចុះបង្ក្រាបទីតាំងម៉ាស្សាមួយកន្លែង ដែលបង្កប់សេវាកម្មផ្លូវភេទ និងឃាត់ខ្លួនមនុស្សស្រី៥នាក់ (ក្នុងនោះមានថៅកែហាងម្នាក់) និងភ្ញៀវប្រុស៣នាក់ថែមទៀត កាលពីម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មុននិងឈានចូលដល់ការចុះបង្ក្រាប មានប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងមានសេវាកម្មបម្រើផ្លូវភេទ ទើបកម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្ស និងអនិតិជន បានចុះស៊ើបអង្កេតអស់រយ:ពេលជាយូរមកហើយ ទើបនៅថ្ងៃកើតហេតុទើបចុះបង្ក្រាបតែម្តង។
ក្នុងប្រតិបត្តិការនេះ នគរបាលបានឃាត់ខ្លួននារីជាជនរងគ្រោះចំនួន៤នាក់ និងថៅកែហាងម្នាក់ ថែមទាំងភ្ញៀវប្រុសៗ៣នាក់ទៀត។ ឃាត់ខ្លួនជនរងគ្រោះទាំង៤នាក់ និងភ្ញៀវ៣នាក់ ត្រូវបាននាំយកទៅមន្ទីរប្រឆាំងការជួញដូរមនុស្ស និងអនីតិជន ដើម្បីអប់រំ ដោយឡែក ថៅកែងហាង ត្រូវបាននគរបាលកសាងសំណុំរឿង រង់ចាំបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ