ខេត្តមណ្ឌលគីរី៖ រថយន្តក្រុងក្រុមហ៊ុនរតនៈសម្បត្តិ ដឹកអ្នកដំណើពីភ្នំពេញទៅរតនគិរីក្រឡាប់ដោយខ្លួនឯង នៅមណ្ឌលគិរី បណ្តាលឲ្យមនុស្សចំនួន០៤នាក់ ក្នុងចំណោម១៣នាក់ ដែលជិះនៅក្នុងនោះបានរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ហេតុការណ៍ដែលរថយន្តបានក្រឡាប់ដោយខ្លួនឯងនោះ បានកើតឡើងនៅវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺ ថ្ងៃអង្គារ ១៤ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រ១២៩ និង១៣០ក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។
ប្រភពពីនគរបាលការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី បានឲ្យដឹងថា អ្នកបើកបរឈ្មោះ ឈុន ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិរនេល ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានរត់គេចខ្លួន ក្រោយកើតហេតុភ្លាមៗ ហើយសមត្ថកិច្ចនគរបាលចរាចរណ៍កំពុងតែស្រាវជ្រាវរកអ្នកបើកបរឲ្យចូលខ្លួនមកដោះស្រាយតាមច្បាប់ផងដែរ ។
ប្រភពបន្តថា ជនរងគ្រោះចំនួន៤នាក់ ដែលក្នុងនោះមានប្រុស៣នាក់ ស្រីម្នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគីរី នៅឡើយ ហើយស្ថានភាពរបួស គឺស្រាលៗប៉ុណ្ណោះ ឯមនុស្សជាច្រើននាក់ផ្សេងទៀត គឺពុំមានរងរបួសនោះឡើយ ហើយមូលហេតុដែលបណ្តាលឲ្យរថយន្តនោះក្រឡាប់ គឺដោយសារតែ អាកាសធាតុត្រជាក់មេឃមានចុះអ័ព្ទខ្លាំងលាយឡំមានភ្លៀងធ្លាក់ទៀតផង ក៏ជួបហេតុការណ៍នោះតែម្តង ។
រថយន្តក្រឡាប់នោះ ក៏បានបង្កឲ្យមានការខូចខាតប្រឡាយទឹកហូរចិញ្ចើមផ្លូវអស់៣០ម៉ែត្រ បាក់បង្គោលស្លាកសញ្ញាអស់ពីរដើមផងដែរ ។
ឯរថយន្តក្រោយកើតហេតុត្រូវបានមន្ត្រីជំនាញអូសយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី រង់ចាំដោះស្រាយទៅតាមនីតិវិធី ៕ ជីវ័ន្ត