ខេត្តបន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលទម្លាក់ពីលើយន្តហោះចំនួន៤គ្រាប់ បន្សល់ទុកពីសម័យសង្រ្គាម ក្នុងចំណោមនោះ មាន១គ្រាប់ បុកជាប់កប់ក្នុងដី និង៣គ្រាប់ទៀត នៅរាយប៉ាយ ក្នុងតំបន់បឹងទន្លេសាប នៃខេត្តបន្ទាយមានជ័យ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ប្រាប់មកនគរបាលស្រុកព្រះនេត្រព្រះ និងកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ដើម្បីឲ្យសមត្ថកិច្ចរាយការណ៍បន្តទៅមន្ត្រីជំនាញស៊ីម៉ាក ។ បន្ទាប់ពីរាយការណ៍មន្ត្រីស៊ីម៉ាក និងសមត្ថកិច្ច១ក្រុម នៅខេត្តបន្ទាយមានជ័យ បានចុះទៅត្រួតពិនិត្យ ប៉ុន្តែមិនទាន់មានលទ្ធភាព អាចយកគ្រាប់ទាំងនោះចេញបាននៅឡើយនោះឡើយ ។
មន្ត្រីដែលចុះបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្រចាប់ ភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ប្រភពពីមន្រ្តីជំនាញស៊ីម៉ាកប្រចាំខេត្តបន្ទាយមានជ័យឲ្យដឹងថា គ្រាប់ទាំងនោះមិនទាន់ដឹងផលិតនៅប្រទេសណាមួយនៅឡើយ និងក៏មិនដឹងជាប្រភេទគ្រាប់ម៉ាកអ្វីនោះដែរ ។
ប៉ុន្តែជាប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះ (ប៊ុម ប៊ី) ដែលគេប្រើប្រាស់ក្នុងតំណាក់កាលប្រទេសកម្ពុជាធ្លាក់ក្នុងសង្រ្គាមពីអតីតកាល ។ ក្នុងចំណោមទាំង៤គ្រាប់ គឺមាន១គ្រាប់ បុកកប់ក្នុងដីមានជម្រៅជាង១ម៉ែត្រ ។
មន្រ្តីជំនាញស៊ីម៉ាកដដែលឲ្យដឹងទៀតថា៖ បញ្ហាគ្រាប់ទម្លាក់ពីលើយន្តហោះទាំង៤គ្រាប់នោះ មន្រ្តីជំនាញពិនិត្យលើសដែនសមត្ថភាពមន្រ្តីជំនាញនៅមូលដ្ឋាន និងបានរាយការណ៍ទៅថ្នាក់លើដើម្បីបញ្ជូនក្រុមមន្រ្តីជំនាញអន្តរាគមន៍នៅភ្នំពេញ ចុះមកយកគ្រាប់ទាំងនោះទៅរក្សាទុករឺក៏បំផ្លាញចោលនៅកន្លែងនោះតែម្តង ដើម្បីបញ្ចៀសគ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋ ៕ នីមវណ្ណា