ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូធ្លាក់ជង្ហុក ដួលក្មេងស្រី ឡានដឹកដីមកដល់​កិនស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី​២៩ ខែកក្ដដា ឆ្នាំ២០១៩ លើផ្លូវគ្រួសក្រហម ត្រង់ចំណុច ជិតទីស្នាក់ការគណបក្សហ្វុនស៊ិនប៉ិចក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង ម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ សំ កុសល ភេទ ស្រី អាយុ ៣៨ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ  ពេលបើកបរមកដល់ចំណុចខាងលើ បានធ្លាក់ជង្ហុកបណ្ដាលឲ្យធ្លាក់ក្មេងស្រីម្នាក់អាយុ ១៦ខែត្រូវជាក្មួយឈ្មោះ ប៊ូស្ត្រា យិតស្ទីម៉ី ពីលើម៉ូតូចូលកង់ក្រោយរថយន្តបែនដឹកដីមួយគ្រឿងម៉ាក FUSO ពណ៌ ខៀវ-ស ពាក់ស្លាកលេខចង្កូតស្តាំ 0488 របស់ក្រុមហ៊ុន AMH អ្នកបើកបរឈ្មោះ ឡុង សាមុត ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត ស្នាក់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យក្មេងស្រីតូចរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តនគរបាលបាននាំមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។
បើតាមរបាយការណ៍ពីនគរបាលអះអាងថា លុះមកដល់ព្រឹកឡើងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ ព្រមទាំងម្តាយបង្កើត បានមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងបានស្នើសុំឲ្យសមត្ថកិច្ចជំនាញជួយសម្រួល ដោះលែងអ្នកបើកបររថយន្តឲ្យមានសេរីភាពវិញ ដោយបាននិយាយនៅចំពោះមុខសមត្ថកិច្ចថា មិនប្តឹងផ្ដល់អ្វីទេ ពីព្រោះនេះជាកំហុសខ្លួនឯងដែលខ្វះការប្រុងប្រយ័ត្នធ្វើឲ្យធ្លាក់ក្មេងស្រីពីលើម៉ូតូចូលកង់រថយន្តគេ ៕ ឆ្លាម សមុទ្រ

ចែករំលែក៖