ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តស្ទឹងត្រែង ដុតរថយន្តប៉ាកុងដឹកឈើបីគ្រឿងបន្ថែមទៀត ដែលពួនលាក់ខ្លួនក្នុងព្រៃជ្រៅ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរស្រុកសៀមប៉ាង មន្ត្រីជំនាញពាក់ព័ន្ធ បានសហការជាមួយកម្លាំងសមត្ថកិច្ចថ្នាក់ខេត្ត រុករកឃើញរថយន្តប៉ាកុង ដឹកឈើចំនួន៣គ្រឿង បន្ថែមទៀត និងដុតកម្ទេចចោលនៅនឹងកន្លែង ដែលរថយន្តនេះ ធ្វើជាមធ្យោបាយបម្រើឲ្យការដឹកជញ្ជូន បទល្មើសព្រៃឈើកន្លងមក ហើយត្រូវបានឈ្មួញយកទៅលាក់ទុក នៅក្នុងព្រៃជ្រៅមួយកន្លែង ស្ថិតក្នុងភូមិចន្ទុ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

កាលពីថ្ងៃអាទិត្យ ទី៤ ខែសីហា ក៏មានការដុតរថយន្តផងដែរ ដោយរៀបចំឡើងដោយមន្ត្រីឧទ្យានជាតិវីរជ័យ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងមានការចូលរួមពីលោក ស៊ុយ អ៊ិនឡន អភិបាលរងស្រុកសៀមប៉ាង លោក ស៊ិន នូសិត្ស តំណាងស្នងការនគរបាលខេត្ត លោកជិម អ៊ិន តំណាងកងរាជអាវុធហត្ថខេត្ត និងលោក ហ៊ុយ សុគន្ធ នាយកឧទ្យានជាតិវីរជ័យ ។

សូមបញ្ជាក់ថា សម្រាប់ខេត្តស្ទឹងត្រែង គិតចាប់តាំងពីថ្ងៃ៩ ខែកក្កដា ឆ្នាំ២០១៩ រហូតមកទល់ពេលនេះ សមត្ថកិច្ចបានរឹបអូស និងដុតមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើសរុបបានចំនួនប្រមាណ២១គ្រឿងហើយ រាប់ទាំង៣គ្រឿង ដែលដុតចោលខាងលើនេះ ក្នុងនោះ១៩គ្រឿង ជារថយន្តប្រភេទប៉ាកុង និង២គ្រឿងជាត្រាក់ទ័រអូសឈើ ៕ មាស សុផាត


ចែករំលែក៖