ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្រុមជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿងបន្លំខ្លួនទិញភេសជ្ជៈខារ៉ាបាវមួយកេស នៅផ្ទះវីងមួយកន្លែង កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ហើយឲ្យគ្នីគ្នាចូលលួចលុយបានជាង១មុឺនដុល្លារ ហើយគេចខ្លួនដោយសុវត្ថិភាព ។
ម្ចាស់ផ្ទះឈ្មោះណន់ តុលា អាយុ៣៣ឆ្នាំ ដែលត្រូវក្រុមជនសង្ស័យចូលលួចក្នុងផ្ទះរបស់គាត់បានឲ្យដឹងថា នៅមុនពេលកើតហេតុការណ៍នេះឡើង ប្រពន្ធរបស់គាត់បានទៅទារលុយគេនៅក្នុងភូមិ ចំណែករូបគាត់ជាប្តីបានទៅទិញគ្រឿងសំណង់ ដោយបានទុកកូនស្រីឲ្យនៅចាំផ្ទះ ខណៈមានក្រុមចោរមួយក្រុមបានឈប់ម៉ូតូពីមុខផ្ទះ មានស្ត្រីម្នាក់ដើរចូលមកក្នុងផ្ទះដើម្បីទិញខារ៉ាបាវមួយកេស ហើយបានឲ្យកូនស្រីរបស់គាត់យកខារ៉ាបាវយកទៅឲ្យដល់ផ្លូវថ្នល់ជាតិមុខផ្ទះ ។
លោកបានបន្តទៀតថា បើតាមកាមេរ៉ាសុវត្ថិភាព ខណៈដែលកូនស្រីគាត់ដើរយកខារ៉ាបាវទៅឲ្យស្ត្រី មានចោរស្ទាវម្នាក់ដើរចូលទៅក្នុងតូបវីងរបស់គាត់ យកកាបូបលុយឡើងជិះម៉ូតូគេចទៅបាត់តែម្តង ។
លោកបន្តថា នៅពេលដែលកូនស្រីគាត់ដើរមកតូបវីងវិញ ក៏បាត់កាបូបលុយ បានស្រែកឆោឡោផ្អើលអស់អ្នកភូមិរត់មកជួយ ខណៈនោះ រូបគាត់និងប្រពន្ធមកដល់ផ្ទះប្តឹងសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍តែបានហួសពេលទៅហើយក្រុមចោរបានគេចខ្លួនបាត់អស់ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវនិងកំណត់មុខសញ្ញាចាប់ក្រុមចោរមកផ្តន្ទាទោសទៅតាមផ្លូវឲ្យខាងតែបាន ៕ យឹម សុថាន