ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តជាច្រើនគ្រឿងត្រៀមកម្ទេចចោល មនុស្សច្រើននាក់ និងមន្ត្រីដែលពាក់ព័ន្ធ គួរតែសរសេរលិខិតសារភាព កុំឲ្យដល់តុលាការទាន់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រថយន្តដែលបម្រើដល់ការដឹកជញ្ជូនបទល្មើសព្រៃឈើជាច្រើនគ្រឿងទៀតគណៈកម្មាធិការ និងនៅតែត្រៀមបន្តដុតបំផ្លាញចោលក្នុងចំណាត់ការយ៉ាងក្តៅគគុករបស់កម្លាំងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរីនេះ ។ ខណៈនោះមានអ្នកពាក់ព័ន្ធចំនួន២០នាក់ហើយ ត្រូវបានតុលាការចេញដីកាកោះហៅ ។

ប្រភពថាអ្នកពាក់ព័ន្ធ និងបទល្មើក្នុងប្រតិបត្តការនេះបានរកឃើញមិនមែនតែ២០នាក់នេះនោះទេគណៈកម្មាធិការជាតិ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា នៅតែបន្តស្រាវជ្រាវ ដើម្បីមានចំណាត់ការទៅតាមផ្លូវច្បាប់ ។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកជាប្រធានគណៈកម្មាធិការថ្នាក់ជាតិ ដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ អញ្ជើញដល់ខេត្តមណ្ឌលគីរីនៅថ្ងៃអង្គារ៍៦កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័កពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ។

លោកបានថ្លែងថា មិនឲ្យមានការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំបែបនេះម្ដងទៀតនោះទេ មានន័យថា បង្ក្រាបនេះជាលើកចុងក្រោយ មិនធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋព្រួយបារម្ភ អំពីបទល្មើស ធនធានធម្មជាតិ ទៀតនោះទេ ។

នាយឧត្តមសេនីយ៍បន្តថា តាមរបាយការណ៍ដែលលោកបានពិនិត្យមាន៣ ចំណុចសំខាន់ៗ ទី១.ទីតាំងភូមិសាស្ត្រ កន្លែងដែលក្រុមហ៊ុនវិនិយោគ កន្លែងអភិរក្ស និងអភិវឌ្ឍន៍ រវាងកសិកម្ម និងបរិស្ថាន មានចំណុចខ្លះមិនទាន់ឯកភាពគ្នា ។

ទី២.ជ្រកក្រោមលេស ឬស្លាកសញ្ញា ភាពស្របច្បាប់របស់ក្រុមហ៊ុន កាប់ឈើពីកន្លែងផ្សេងអូសចូលមកក្នុងក្រុមហ៊ុន ផលិតចេញជាឈើស្របច្បាប់ បង្កើតរោងសន្និធិឈើជាច្រើន ធ្វើឲ្យឈើទៅមិនដល់គោលដៅ ដែលត្រូវទៅ ។

យកឈ្មោះដីសម្បទានសង្គមកិច្ចដើម្បីទៅកាប់ឈើខុសច្បាប់ យកស្លាកសញ្ញារបស់ក្រសួងស្ថាប័នរបស់រដ្ឋ ដើម្បីជ្រកពួន គេចវេស ។

ទី៣. ការបង្កើតឲ្យមានភាពស្របច្បាប់ ការចេញឯកសារបំពាន ជារឿងផ្សំគំនិតប្រព្រឹត្តបទល្មើស ។

ថ្នាក់ដឹកនាំគណៈកម្មាធិការថា ក្រុមហ៊ុនដែលអនុវត្តទៅតាមសិទ្ធិវិនិយោគត្រឹមត្រូវ ដាច់ខាតត្រូវតែការពារ ប៉ុន្តែក្រុមហ៊ុនដែលប្រព្រឹត្តបទល្មើស ដាច់ខាតត្រូវតែបង្ក្រាប ។

លោកបានបន្ថែមថា ការបង្ក្រាបបទល្មើសព្រៃឈើរបស់គណៈកម្មការជាតិកាលពីឆ្នាំ២០១៦ មិនបានចាប់ខ្លួនមនុស្ស និងកម្ទេចមធ្យោបាយប្រព្រឹត្តនោះទេ ដែលជាហេតុធ្វើឲ្យកើតមានបទល្មើសម្ដងទៀត ដូច្នេះលើកនេះគឺចាប់ទាំង មនុស្សតែម្ដង កម្ទេចទាំងមធ្យោបាយ ជីកទាំងឬសជីកទាំងគល់ ហើយមន្ត្រីដែលពាក់ព័ន្ធក្នុងបញ្ហានេះគួរចេញមកសរសេរលិខិតសារភាព កុំឲ្យដល់ផ្លូវតុលាការ គឺទៅហើយ ។

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា ឈើដែលបង្ក្រាបបានក្នុងពេលនេះ អាច និងត្រូវដឹកជញ្ជូន ទៅរក្សាទុកនៅខេត្តកំពង់ធំ ហើយរថយន្តប៉ាកុង២០គ្រឿងមិនទាន់បានកម្ទេច និងប្រើម្សៅTNT បំផ្ទុះចោលទាំងអស់ ព្រោះរថយន្តទាំងនេះជាធម្យោបាយបម្រើដល់បទល្មើសព្រៃឈើតែមួយមុខគត់ ។

ចំណែករថយន្តវ៉េរអង២៨គ្រឿង និងត្រូវប្រគល់ឲ្យម្ចាស់យកទៅប្រើប្រាស់វិញ ព្រោះរថយន្តប្រភេទនេះ អាចយកទៅបម្រើការងារផ្សេងៗបាន បើបំផ្លាញចោល គឺធ្វើឲ្យខាត់បង់ដល់ប្រជាពលរដ្ឋ ប៉ុន្តែត្រូវធ្វើកិច្ចសន្យាថា ឈប់ដឹកឈើ និងត្រូវកាត់ទ្រុងឲ្យត្រូវតាមច្បាប់ទើបប្រគល់ឲ្យវិញ ។

របាយការណ៍ស្តីពីការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសព្រៃឈើ ថ្ងៃទី០៧ កក្កដា ២០១៩ ដល់ថ្ងៃទី០៣ សីហា នេះ តាមការស្រាវជ្រាវព័ត៌មានរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានស្រាវជ្រាវស៊ើបបញ្ជាក់រកឃើញថា ក្រុមហ៊ុនមានការកាប់ឈើពីខាងក្រៅដែនភូមិសាស្ត្រ យកឈើចូលក្រុមហ៊ុនកែច្នៃដើម្បីដឹកជញ្ជូន មានលិខិតអនុញ្ញាតពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចេញទៅរោងសន្និធិ ដេប៉ូកែច្នៃឈើជិតព្រំដែនប្រទេសវៀតណាម និងបន្តនាំចេញឈើទៅព្រំដែនដោយគ្មានអាជ្ញាប័ណ្ណនាំចេញ ។

ការដឹកជញ្ជូនឈើលើសពីការកំណត់ ឬខុសទិសដៅក្នុងលិខិតអនុញ្ញាត ការដឹកជញ្ជូនឈើខុសយថាប្រភេទ ឬការដឹកជញ្ជូនឈើគ្មានលិខិតអនុញ្ញាត ។

ខេត្តមណ្ឌលគិរីមានក្រុមហ៊ុនប្រមូលផលអនុផលព្រៃឈើ មានលិខិតអនុញ្ញាតចំនួន១០ក្រុមហ៊ុន និងមានរោងសន្និធិឈើ រោងសិប្បកម្មកែច្នៃឈើជិតព្រំដែនចំនួន២កន្លែង ហើយក្រុមហ៊ុនទាំង១០ មានក្រុមហ៊ុនម៉ាស្ទ័រខេសាន់. យ៉ានចាវ . ថាច់វូដ. វិជ្ជរី . ណេងណា. យូនីហ្គ្រីន. ស្រ៊ុនម៉េងលាង. ផេស៊ីហ្វិកហ្គ្រេន .លឹមរ៉ូយ៉ាល់ និងក្រុមហ៊ុនទ្រីភាព ។

ក្នុងចំណោមក្រុមហ៊ុនទាំងនេះ និងរោងសន្និធិឈើ មានតែក្រុមហ៊ុនលឹមរ៉ូយ៉ាល់ និងឈើដេញថ្លៃរបស់ក្រុមហ៊ុនទ្រីភាព ប៉ុណ្ណោះដែលធ្វើត្រឹមត្រូវតាមច្បាប់ ក្រៅពីនោះគឺសុទ្ធតែរកឃើញបទល្មើស់់់់ទាំងអស់ ។

យោងតាមដីការបស់លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មនុស្សទាំង២០នាក់ ដែលពាក់ព័ន្ធមានពិរុទ្ធតម្រុយ និងពុំទាន់ចូលបំភ្លឺតាមដីកានោះរួមមាន៖

ទី១.ឈ្មោះ ស្រ៊ុន ម៉េងលាង ភេទប្រុស អាយុ៥៨ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន ម៉េងលាង ។

ទី២. ឈ្មោះ គង់ វិរៈ អាយុ៤៦ឆ្នាំ ជានាយកផ្នែករដ្ឋបាលព្រៃឈើ កោះញែក ។

ទី៣.ឈ្មោះ តុប វីរដា ភេទប្រុស ជាម្ចាស់ក្រុមហ៊ុនវិជ្ជរី ។

ទី៤. ឈ្មោះ យិន ហ្គ័រហុង ភេទប្រុស ជនជាតិចិន ជានាយកប្រតិបត្តិក្រុមហ៊ុន ចាន់ វួច (ខេមបូឌា) ខូលអិលធីឌី ។

ទី៥. ឈ្មោះ វ៉ាង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិវៀតណាម ជាម្ចាស់ហ៊ុនរោងសន្និធិ ។

ទី៦. ឈ្មោះ ឆុន ផាន្និត ភេទប្រុស អាយុ៤០ឆ្នាំ ។

ទី៧. ឈ្មោះ ចាង វិនតាវ ជនជាតិចិន ជានាយកក្រុមហ៊ុន យ៉ានចាវ (ខេមបូឌា) ។

ទី៨. ឈ្មោះ ហាន ម៉ាប់ ភេទប្រុស អាយុ៥២ឆ្នាំ ។

ទី៩. ឈ្មោះ សាំង សុខុន ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកចាត់ចែង របស់ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ។

ទី១០. ឈ្មោះ ណេង ម៉ៅ ភេទប្រុស អាយុ៥០ឆ្នាំ ជាអ្នកចាត់ចែងប្រមូលឈើ របស់ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ។

ទី១១. ឈ្មោះ Nguyen Thai Son ជាអគ្គនាយកក្រុមហ៊ុន ប៉ាស៉ីហ្វិកឡូធើស ។

ទី១២. ឈ្មោះ តុប ផាន់ណា ភេទប្រុស ជាអ្នកតំណាងឲ្យក្រុមហ៊ុនវិជ្ជរី ។

ទី១៣. ឈ្មោះ សួន គឹមហេង ភេទស្រី អាយុ៦០ឆ្នាំ ជាម្ចាស់រោងសន្និធិ ។

ទី១៤. ឈ្មោះ វន់ ប៊ុនថៃ ភេទប្រុស កើតឆ្នាំ១៩៦៤ ។

ទី១៥. ឈ្មោះ លឿង ភិរុណ ភេទប្រុស អាយុ៥៥ឆ្នាំ ។

ទី១៦. ឈ្មោះ PHAM QUOC LONG ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិវៀតណាម ជានាយកក្រុមហ៊ុន ផេស៊ីហ្វិកហ្គ្រេន ។

ទី១៧. ឈ្មោះ Nguyen Manh Tham ភេទងប្រុស អគ្គនាយកក្រុមហ៊ុន ប៉ាស៊ីហ្វិកភើល និងជាអគ្គនាយកក្រុមហ៊ុន ប៉ាស៊ីហ្វិក ។

ទី១៨. ឈ្មោះ ម៉េង គ្រី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាមេការឲ្យក្រុមហ៊ុន វិជ្ជរី ។

ទី១៩. ឈ្មោះ ប៊ិញ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិវៀតណាម ជាម្ចាស់ហ៊ុនរោងសន្និធិ (អ្នកផ្តល់លុយដំណើរការរោងសន្និធិ) ។

ទី២០. ឈ្មោះ ឃុន ឈៀង ភេទប្រុស កើតឆ្នាំ១៩៤៣ ។

អាច នឹងមានមនុស្សជាច្រើននាក់ទៀតត្រូវបានកោះហៅ ខណៈកម្លាំងគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ កំពុងបន្តស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុតដើម្បីចាត់ការបន្ត៕ ជីវ័ន្ត


ចែករំលែក៖