ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ ជំនាញដែកថ្ពក់យកទ្រព្យសម្បត្តិពលរដ្ឋតាមបង្អួចផ្ទះ ត្រូវនគរបាលខណ្ឌមានជ័យឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជំនាញយកដែកថ្ពក់លួចទ្រព្យសម្បត្តិពលរដ្ឋតាមបង្អួតផ្ទះ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចជាច្រើនលើច្រើនសារ ។

ករណីឃាត់ខ្លួនជនសង្ស័យ២នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះគ្មានលេខផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ) ទី១.ឈ្មោះ នុង រដ្ឋា ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបើកបររថយន្ត (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) និងទី២.ឈ្មោះ ធួន ប៊ុនទី ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូឌុប (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ផន ចាន់ណា ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរផលិតករភាពយន្ត ។

វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ លេខតួ+លេខម៉ាស៊ី 1000034 គ្មានស្លាកលេខ និងដែកសរសៃស្មា សម្រាប់ហាលខោអាវចំនួន០៥ដើម (ជារបស់ជនសង្ស័យឈ្មោះ នុង រដ្ឋា និងឈ្មោះ ធួន ប៊ុនទី) ។

យោងតាមរបាយការណ៍របស់មន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នាវេលាថ្ងៃកើតហេតុ ក្នុងទីតាំងខាងលើ ជនរងគ្រោះឈ្មោះ ផន ចាន់ណា បានសម្រាកនៅក្នុងផ្ទះ ដោយទុកកាបូបស្ពាយ០១(មានដាក់ទូរស័ព្ទដៃ០២គ្រឿង និងកាមេរ៉ាថតរូបចំនួន០១គ្រឿង) នៅក្បែរខ្លួន ពេលនោះ ជនសង្ស័យបានជិះម៉ូតូប្រដាប់ដោយវត្ថុតាងខាងលើ មកធ្វើសកម្មភាពដែកថ្ពក់ យកកាបូបស្ពាយ របស់ជនរងគ្រោះ ខណៈនោះជនរងគ្រោះ បានភ្ញាក់ឃើញទាន់ក៏បានស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យទាំង០២នាក់ភ័យ ក៏បានជិះម៉ូតូគេចខ្លួនបាត់ ។

រហូតដល់វេលាម៉ោង០២ និង៤០នាទីរំលងអធ្រាត្រ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូដដែល មករកលួចថ្ពក់យកកាបូបស្ពាយរបស់ជនរងគ្រោះម្តងទៀត តែត្រូវជនរងគ្រោះ ភ្ញាក់ឃើញទាន់ស្រែកឆោឡោឡើង ទន្ទឹមនោះ កម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានមកដល់ក៏ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ហើយជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងឲ្យចាត់ការតាមច្បាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ ភារ៉ា ដង្កោ


ចែករំលែក៖