ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ រណ្តៅដីនៅខេត្តតាកែវ​ច្រើនខុសបច្ចេកទេស

ចែករំលែក៖

រណ្តៅដីជាច្រើនកន្លែង​នៅ​ក្នុងខេត្តតាកែវ​ ច្រើនខុសបច្ចេកទេស​ ពោលគឺការជីករណ្តៅជ្រៅៗ ហើយការដឹកជញ្ជូន​ក៏មិន​ត្រឹមត្រូវតាមបច្ចេកទេសកំណត់​​របស់​ស្ថាប័នជំនាញនោះទៀត ។ រណ្តៅដីនៅស្រុកគិរីវង់, ស្រុកត្រាំកក់, ក្រុងដូនកែវ និងស្រុកបាទី សុទ្ធតែត្រូវបានប្រជាពលរដ្ឋអះអាងថា មានភាពអនាធិបតេយ្យយ៉ាងខ្លាំង ហើយជាពិសេស​រណ្តៅដីទាំងនោះ​ភាគច្រើន​គឺ​ល្មើសនឹង​ច្បាប់ ដោយមិនបានគោរពទៅតាមបទដ្ឋានបច្ចេកទេសនោះឡើយ ។ ការដែល​ថៅកែរណ្តៅដីទាំងនោះ​គឃ្លើនបំពានច្បាប់​ក៏ព្រោះតែ​​ពួកគេអាងខ្នងបង្អែក​ ឬបាន​ផ្តល់លាភសក្ការជូនស្ថាប័នជំនាញរួចហើយ ។ ស្ថាប័នជំនាញដែលមានភារកិច្ចមើលការខុសត្រូវរឿងរណ្តៅដី គ្រប់ទីកន្លែង​ក្នុងខេត្តតាកែវ គឺលោក ផេង វុធ ប្រធានមន្ទីរ រ៉ែ និងថាមពល ។

ប្រភពបានរាយការណ៍ថា ឈ្មួញបានជីកកាយដីភ្នំធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេង​ដោយរណ្តៅនីមួយៗធំៗ​ហើយជ្រៅ ដែល​មើលនឹង​ភ្នែកក៏ដឹងដែរថា គឺខុសទៅនឹងបទដ្ឋានបច្ចេកទេស ។ បើទោះជា​ខុសទៅនឹងបទដ្ឋានបច្ចេកទេសយ៉ាងណាក៏ដោយ ក៏គេមិនដែលឃើញ​ពួកមន្ត្រីជំនាញចុះទៅទប់ស្កាត់​បង្ក្រាប ឬចាត់វិធានការយ៉ាងណា​ចំពោះថៅកែរណ្តៅដី​បំពានច្បាប់ទាំងនោះដែរ ។ ភាពស្ងាត់ស្ងៀម​របស់​ពួកមន្ត្រីជំនាញ ធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា ស្ថាប័នជំនាញទាំងនោះទទួលបាន​លាភសក្ការ ឬផលប្រយោជន៍ស្ងាត់ស្ងៀមណាមួយ ពីពួកថៅកែរណ្តៅដីទាំងនោះ ។ រណ្តៅដីជាច្រើនកន្លែង បើទោះបីជា​មានប្រតិកម្មពីប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏អាជ្ញាធរ​និងស្ថាប័នជំនាញ​ក្នុងខេត្តតាកែវ​មិនដែលខ្វល់​ថា ត្រូវចាត់វិធានការ​ដើម្បីបន្ថយ​សេចក្តីព្រួយបារម្ភ​ ឬក៏​ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋយ៉ាងណានោះទេ ។

ប្រជាពលរដ្ឋលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតពីស្ថាប័នជំនាញ​និងអាជ្ញាធរទេនោះ ពួកថៅកែរណ្តៅដីមិនអាចធ្វើអ្វីៗបានតាម​អំពើចិត្តនោះឡើយ ។ ប្រភពពីថៅកែ​រណ្តៅដី​មួយចំនួនបង្ហើបថា ពួកគេបានសែនព្រេន​ឲ្យអាជ្ញាធរដែនដី និងស្ថាប័នជំនាញ​គ្រប់​កន្លែងអស់ហើយ ទើបអាចដំណើរការបានតាមចិត្តដូចសព្វថ្ងៃនេះ ។ ប្រការនេះហើយបានជាប្រជាពលរដ្ឋ ដែលប្រតិកម្ម​នាគ្រាកន្លងមក មិនឃើញមានចំណាត់ការពីស្ថាប័ន​ជំនាញជាពិសេស​ក្រុមមន្ត្រីនៅខេត្តតាកែវនោះឡើយ ។ ប្រជាពលរដ្ឋ​ស្នើ​ឲ្យលោក​ អ៊ូច ភា អភិបាលខេត្តតាកែវ​ពិនិត្យមើលសុខទុក្ខប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហារណ្តៅដីនេះផង ពីព្រោះថា បើរំពឺងទៅលើ​ប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តតាកែវ​លោក ផេង វុធ ចាត់ការរណ្តៅដី​ឲ្យដើរស្របច្បាប់នោះទៅមិនរួចទេ ៕


ចែករំលែក៖