ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាង លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួង។
លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា តាមរយៈនៃការអនុវត្តន៍គម្រោងផ្គត់ផ្គង់ទឹកស្អាតជនបទ និងគម្រោងកែលម្អផ្លូវជនបទ ជំហានទី១ ទទួលបានជោគជ័យនាពេលកន្លងមក រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមនិតចិនបន្តជួយដល់កម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគម្រោងផ្គត់ផ្គង់ទឹកជនបទ និងគម្រោងកែលំអផ្លូវជនបទ ជំហានទី២ ហើយនឹងអាចបន្តទៅគម្រោងក្រោយៗទៀត ។
លោក សួស គង់ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែផ្ដល់ការគាំទ្រទាំងស្មារតី បច្ចេកទេស ហិរញ្ញប្បទាន ក៏ដូចជាជំនួយឥតសំណងយ៉ាងច្រើន និងទាន់ពេលវេលាដល់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា ចិន។
តមក កិច្ចព្រមព្រៀងដំណើរការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតជនបទ និងគម្រោងកែលំអផ្លូវជនបទ ជំហាន ២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានចុះហត្ថលេខារួមគ្នាដោយ លោក សួស គង់ រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ លោក ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា និងលោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងលោក Du Daxiang ប្រធាននាយកដ្ឋានទីភ្នាក់ងារសហប្រតិបត្តិការសេដ្ឋកិច្ចអន្ដរជាតិនៃសាធារណរដ្ឋប្រជាមានិតចិន តំណាងឲ្យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ។
គម្រោងជំហានទី ២នេះនឹងចាប់ផ្ដើមអនុវត្តនៅក្នុងអំឡុងខែធ្នូ ឆ្នាំ ២០១៩ ខាងមុខ ក្រោមការសម្របសម្រួល និងដឹកនាំការអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទក្នងនោះមាន ៖ គ្រោងនឹងជីកអណ្តូងស្នប់ឲ្យបានចំនួន ៩៦៤ អណ្តូង ជីកស្រះទឹកសហគមន៍ចំនួន ១២ស្រះ និងជីកស្រះទឹកសហគមន៍ដែលមានរៀបថ្មតាមជើងទេរចំនួន ៤២ស្រះ ដោយអនុវត្តនៅក្នុងខេត្តគោលដៅចំនួន១០ គឺខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង ព្រៃវែង កំពត ស្វាយរៀង កំពង់ស្ពឺ និងខេត្តកំពង់ចាម។ ដោយឡែកគម្រោងកែលម្អផ្លូវជនបទ នឹងត្រូវធ្វើការស្ថាបនាផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន ១៨ខ្សែ ដែលមានប្រវែងសរុប ១១៩គីឡូម៉ែត្រ និង៤៦៧ ម៉ែត្រ នៅក្នុងខេត្តគោលដៅចំនួន៦ គឺ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ត្បូងឃ្មុំ និងខេត្តស្វាយរៀង៕