ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាវង្វេងស្មារតីដើរធ្លាក់អណ្តូងលូមុខបន្ទប់ជួលស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តសៀមរាប÷ បុរសម្នាក់ស្រវឹងស្រាវង្វេងស្មារតីបានដើរធ្លាក់អណ្តូងលូនៅមុខបន្ទប់ជួលបណ្តាលឲ្យបាត់បង់ជីវិត កាលពីវេលាម៉ោង៦.៣០នាទីល្ងាចនៅថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ក្រុមទី៩ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលក្រុងសៀមរាបបានឲ្យដឹងថាករណីមនុស្សដើរធ្លាក់ក្នុងអណ្តូងលូស្លាប់ នេះជនរងគ្រោះ ឈ្មោះ ត្រេន (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិអង្គរភាស ឃុំអង្គរភាស ស្រុកពួក ខេត្តសៀមរាប ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។បុរសនេះបានធ្លាក់ចូលក្នុងអណ្តូងលូនៅមុខបន្ទប់ជួលដែលមានជម្រៅប្រហែល៤.៥០ម៉ែត្រហើយ ពេលធ្លាក់ទៅបានប៉ះទង្គិចក្បាលនឹងអណ្តូងមានស្នាមរយះប្រហែល៤ស.ម បណ្តាលឲ្យស្លាប់ ។

បើតាមការពិនិត្យនិងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចឃើញថាពុំមានស្លាកស្នាមអ្វីពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។ ចំពោះមូលហេតុបណ្តាលឲ្យស្លាប់ ដោយសារជនរងគ្រោះ ស្រវឹងស្រាជាប្រចាំវង្វេងស្មារតីដើរធ្លាក់អណ្តូង ដែលមិនមានរបាំងការពារត្រឹមត្រូវ ។

ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី


ចែករំលែក៖