ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ចុះពីលើផ្ទះ​ ត្រូវជនសង្ស័យ​យកកាំបិត​ភ្ជង់​ប្លន់ ​យកកាបូបលុយ​ និង​ទូរស័ព្ទ​ ​បានសម្រេច​គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ​ ៖ ស្ត្រីម្នាក់​ ត្រូវបាន​ជនមិនស្គាល់មុខ​ យកកាំបិត​ភ្ជង់​ប្លន់​យកកាបូបលុយ​ និង​ទូរស័ព្ទ​បានសម្រេច​ ហើយគេចខ្លួនបាត់​ នៅច្រកផ្លូវលំ ​ក្រោយផ្ទះ​ជួលមួយកន្លែង​​ ហើយស្រែកឆោឡោផ្អើលសមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី២ ចុះទៅជួយអន្តរាគមន៍​ ។

ហេតុការណ៍នេះបានកើតឡើងកាលពី​ម៉ោង​ រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៤​ ខែសីហា​ ២០១៩​ នៅតាមផ្លូវ១៣៦​ សង្កាត់ផ្សារកណ្ដាលទី២​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

បើតាមសម្ដីស្ត្រីរងគ្រោះឈ្មោះ​ នុត​ ធាវី​ ហៅខួច​ មុខរបរ​អ្នកបោសសម្អាត​ផ្ទះអោយគេ​ ស្នាក់នៅផ្ទះជួល​ ក្នុងសង្កាត់ផ្សារកណ្ដាលទី២​ ខណ្ឌដូនពេញ​ ភ្នំពេញ​ បានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ រូបគាត់ និងនារីម្នាក់ទៀតជាមិត្តភក្តិ​ បានយកសក់ក្លែងក្លាយ​ យកមកអោយ​មិត្តភក្តិម្នាក់ទៀត​ ដែលជួលបន្ទប់នៅជាន់ទី៣​ ហើយមួយសន្ទុះក្រោយមកនាងក៏ប្រាប់មិត្តភក្តិនាង​ថា​ ចុះត្រលប់មកវិញមុនហើយ​ ព្រោះមិត្តភក្តិនាងកំពុងជាប់រវល់​ជជែកគ្នា​ លុះពេលចុះមកដល់ជាន់ផ្ទាល់ដី​ ស្រាប់តែមាន​ ជនមិនស្គាល់មុខ​ម្នាក់​ធ្វើសកម្មភាព ស្ទុះចាប់នាង​ផ្ដួល រួចយកកាំមកភ្ជង់បំពង់ក.របស់នាង​ ហើយយកកាបូបនិងទូរស័ព្ទរបស់នាង​ ហើយរត់គេចខ្លនបាត់ស្រមោលតែម្ដង ។

ឃើញជនសង្ស័យ​រត់ចេញទៅ​ ទើបនាងស្រែកឆោឡោ​ ខណៈសមត្ថកិច្ចម្នាក់កំពុងជិះម៉ូតូតាមផ្លូវ ទើបនាំស្ត្រីរងគ្រោះ និងមិត្តភក្តិរបស់នាង​ មកស្នាក់ការប៉ុស្តិ៍​ ដើម្បីសួរនាំ ហើយសមត្ថកិច្ចប៉ុស្តិ៍​ផ្សារកណ្តាល​ទី២​ ដឹកជនរងគ្រោះទៅចង្អុលបង្ហាញ​កន្លែងកើតហេតុ​ រួចសួរដំណើររឿងហេតុ​បានដឹងច្បាស់ហើយ​ ក៏​នាំត្រលប់មកប៉ុស្តិ៍វិញ​ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ​ ស្ត្រីរងគ្រោះ​បានទៅដាក់ពាក្យបណ្ដឹង​នៅស្នាក់ការប៉ុស្តិ៍​រដ្ឋបាល​ផ្សារកណ្តាល​ទី២​ ដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវ​ និងកំណត់មុខសញ្ញា​ជនល្មើស​តាមជំនាញពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖