ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុម ដេញវាយសម្លាប់ សង្ស័យករណីគំនុំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បែកក្បាលស្លាប់តាមចិញ្ចើមផ្លូវយ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូមួយគ្រឿងត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងដេញវាយដម្លាប់សង្ស័យ ករណីគំនុំ ។

ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង១ និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខវត្តភ្នៀត តាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ​ ក្នុងសង្កាត់គោករការ ភូមិភ្លូផ្អែម ខណ្ឌព្រែកព្នៅ ។

សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ​ មានវ័យប្រមាណជា៣០ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៌ស​ ស្លៀកខោ ជើងវែងពណ៌ខ្មៅ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ ម៉ាកឌ្រីមសង់ ឡើងស៊េរី២០១៦ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1AE-5317 ធ្វើដំណើរទិសដៅពីត្បូងទៅជើង ខណៈនោះក៏មានជនសង្ស័យមួយក្រុមមាន គ្នាប្រមាណជា៨នាក់ ជិះម៉ូតូ៤គឿង មិនមានស្លាកលេខជិះដេញមកពីក្រោយ ដេញវាយប្រហារបណ្តាលឲ្យជនរងគ្រោះជិះម៉ូតភ័យស្លន់ស្លោ លុះមកដល់ចំណុចកើតហេតុ រេចង្កូតធ្លាក់ចិញ្ចើមផ្លូវរួចរត់ចេញពីរម៉ូតូយករួចខ្លួនហើយស្រែកឲ្យគេជួយផង បន្ទាប់មកជនសង្ស័យបាននាំគ្នាដេញពីក្រោយហើយយកដុំថ្នវាយទៅលើជនរងគ្រោះបែកក្បាលស្លាប់ ឃ្លាតពីម៉ូតូប្រមាណជា៤០ម៉ែត្រយ៉ាងអាណោចអាធ័ម ។ ចំណែកជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល ។

តាមការបញ្ជាក់ជំហ៊ានដំបូងរបសមត្ថកិច្ចថា ករណីវាយសម្លាប់ខាងលើនេះ សង្ស័យគំនុំគំគួនជាយូរមកហើយ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងហ៊ុមពទ្ធ័កន្លែងកើតហេតុរង់ចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យ និងទំនាក់ទំនងទៅសាច់ញាតិមកទទួលសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែកជនសង្ស័យ សមត្ថកិច្ចនឹងស្រាវជ្រាវរកចាប់ខ្លូន មកផ្តន្ទាទោសទៅតាមច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖