ខេត្តកំពង់ចាម៖ ដេប៉ូលក់គ្រឿងសំណង់មួយកន្លែងស្ថិតនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានត្រូវ អគ្គិភ័យឆាបឆេះកាលពីក្បាលព្រលប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បណ្តាលឲ្យអគ្គិភ័យបំផ្លាញអស់ម៉ូតូ១គ្រឿង ឈើ និងសម្ភារគ្រឿងសំណង់មួយចំនួន តែមិនបង្កឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ។
ទីតាំងដែលត្រូវភ្លើងឆេះខាងលើមានម្ចាស់ ឈ្មោះរុន សុខថេន ភេទប្រុស អាយុ ៣៤ឆ្នាំ ជាតិខ្មែរ មានទីតាំង នៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យក្រុមពន្លត់អគ្គិភ័យចេញរថយន្តចំនួន ៤គ្រឿង ក្នុងនោះ រថយន្តស្រុកកំពង់សៀម ១គ្រឿង, រថយន្ត របស់ស្នង ការដ្ឋានខេត្ត ៣គ្រឿង ចេញប្រតិបត្តិការជាបន្ទាន់ ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ឲ្យដឹងថា មិនដល់រយៈពេល២ម៉ោង ករណីអគ្គិ ភ័យនេះ កម្លាំងបានគ្រប់គ្រងទាំងស្រុង ហើយបានរលត់នៅវេលាម៉ោង២១: ៣០ នាទី ដោយប្រើប្រាស់អស់ទឹក១៦រថយន្ត ។
លោកបញ្ជាក់ថា ទំហំនៃការខូចខាត អគ្គិភ័យបានបំផ្លាញ ម៉ូតូ១គ្រឿង ឈើ និងសម្ភារគ្រឿងសំណង់អស់មួយចំនួន តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សនោះឡើយ ។ ចំពោះមូលហេតុវិញ លោកស្នងការមិនទាន់អាច បញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះនៅពេលនេះកម្លាំងជំនាញ កំពុងស្រាវជ្រាវ ខណៈម្ចាស់ផ្ទះក៏មិននៅ ៕ វណ្ណៈ