ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូល្បឿនលឿនជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កនៅខាងមុខពេញមួយទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ បើកបរម៉ូតូដោយល្បឿនលឿន ឈប់មិនទាន់បានបុកម៉ូតូសណ្ដោងរ៉ឺម៉ក បើកនៅខាងមុខពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះទទួលរងរបួសធ្ងន់ កាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូមែតលេខ៤១_៤២ ស្ថិតក្នុងភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ពុំទាន់ស្គាល់អត្ដសញ្ញាណ បើកបរម៉ូតូម៉ាកឡេត ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង1P-4663 ។ ចំណែកម៉ូតូសណ្ដោងរ៉ឺម៉កពុំស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ បើករត់គេចខ្លួន ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកឡេត បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូង ទៅជើងដោយល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ ក៏ឈប់មិនទាន់ ជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងពេញមួយទំហឹង ដែលបើកស្របទិសគ្នា នៅខាងមុខ បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកឡេត ទទួលរងរបួសធ្ងន់ រីឯអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កបានបើកគេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ចុះមកអន្ដរាគមន៍ ហៅរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ ។ ដោយឡែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ពិនិត្យវាស់វែង រួចកសាងឯកសារដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញចរាចរណ៍បានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីអ្នកបើកបរម៉ូតូម៉ាកឡេត បើកបរក្នុងល្បឿនលឿន មិនប្រយ័ត្ន ទើបបានជាកើតមានគ្រោះថ្នាក់បែបនេះ ៕ ស្អាងជ័យ


ចែករំលែក៖