ខេត្តកណ្ដាល៖ ម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់មួយគ្រឿងបើកគ្មានភ្លើងបំភ្លឹផ្លូវ បានបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម បើកដោយល្បឿនលឿន ក្នុងទិសដៅច្រាស់គ្នា បណ្ដាលឲ្យជនរងគ្រោះ២នាក់ជាអ្នកបើកបរម៉ូតូសង្ខាងទទួលរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ លើផ្លូវលេខ១១៥ ស្ថិតនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ។
មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ហ៊ុល សុរ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិពោធិ៍ខ្ពស់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1D-2642 ។ ចំណែកឯជនរងគ្រោះរងរបួសធ្ងន់ម្នាក់ទៀតឈ្មោះ សេង ដូរ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GI-1361 ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៥ ក្នុងទិសដៅពីកើតទៅលិច ដោយពុំមានភ្លើងបំភ្លឺផ្លូវនោះទេ លុះបើកមដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ធ្វើដំណើរច្រាស់ទិសគ្នា ដោយល្បឿនលឿន ក៏បានបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះទាំង២នាក់ ជាអ្នកបើកបរម៉ូតូទាំងសង្ខាងទទួលរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយឡែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ចុះវាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ។
តាមការឲ្យដឹងរបស់សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ បណ្ដាលមកពីអ្នកបើកបរម៉ូតូ ម៉ាកស៊ុយហ្ស៊ូគីស្មាស់ បើកបរដោយគ្មានភ្លើងបំភ្លឺផ្លូវ ។ ចំណែកអ្នកបើកបរម៉ូតូហុងដាឌ្រីម បើកបរល្បឿនលឿន ៕ ស្អាងជ័យ