រូបភាពនៃក្បួនបាតុកម្ម រៀបចំដោយក្រុមអ្នកប្រឆាំងរដ្ឋអំណាចហុងកុង និងចិនដីគោក ហើយក្បួនបាតុកម្មរៀបចំដោយក្រុមអ្នកគាំទ្ររដ្ឋអំណាចហុងកុង និងចិនដីគោកពេលនេះ ជាសក្ខីកម្មមួយដែលបញ្ជាក់ពីការបែកបាក់សង្គមហុងកុងជាពីរ ។ កុំថាឡើយ ដល់ទៅអ្នកជិតខាង អ្នករួមការងារ ឬមួយក៏មិត្តភក្តិ សូម្បីតែក្នុងក្រុមសមាជិកគ្រួសារតែមួយ ក៏យល់ឃើញ និងមានជំហរខុសគ្នាដែរ ។ អ្នកខ្លះបានចូលរួមជាមួយក្រុមបាតុករប្រឆាំងរដ្ឋអំណាច ហើយអ្នកខ្លះទៀតបានចូលរួមជាមួយក្រុមបាតុករគាំទ្ររដ្ឋអំណាច ។ ក្រុមបាតុករគាំទ្ររដ្ឋអំណាចហុងកុង និងចិនដីគោកមិនយល់ស្របតាមការទាមទាររបស់ក្រុមបាតុករអ្នកប្រជាធិបតេយ្យ និងយល់ថា ការដែលហុងកុងបានស្គាល់ស្ថានភាពរុងរឿងដូចសព្វថ្ងៃក៏ដោយសារតែមានការជួយគាំទ្រ និងជ្រោមជ្រែងពីរដ្ឋអំណាចកណ្តាលនៅប៉េកាំង ។
នៅត្រង់ចំណុចនេះ ក្រុមអ្នកប្រជាធិបតេយ្យក៏បានយល់ឃើញដូចគ្នាដែរ តែអ្វីដែលពួកគេបន្តទាមទារចង់បានពេលនេះ គឺសេរីភាព និងប្រជាធិបតេយ្យដូចដែលហុងកុងធ្លាប់ស្គាល់នៅក្នុងជំនាន់អាណានិគមនិយមអង់គ្លេស ពោលមុននឹងអង់គ្លេសប្រគល់ហុងកុងទៅឲ្យចិនក្នុងឆ្នាំ ១៩៩៧ ។ អ្វីដែលពួកអ្នកប្រជាធិបតេយ្យចង់បាន គឺសុំឲ្យរដ្ឋាភិបាលក្រុងប៉េកាំងគោរពតាមគោលការណ៍ដែលចិនបានចុះកិច្ចសន្យាជាមួយប្រទេសអង់គ្លេស ។ គឺជាគោលការណ៍ប្រទេសមួយប្រព័ន្ធពីរដែលចិនត្រូវទុកហុងកុងជាដែនដីស្វយ័តទទួលបានសេរីភាពពេញលេញរហូតដល់ឆ្នាំ ២០៤៧ ។ តែក្រុមអ្នកប្រជាធិបតេយ្យមានអារម្មណ៍ថាបន្តិចម្តងៗ ចិនប៉េកាំងហាក់កំពុងក្រសោបយកហុងកុងមកគ្រប់គ្រងយ៉ាងណែនក្នុងដៃ ដូចយ៉ាងតែងតាំងឥស្សរជនរបស់ខ្លួនសម្រាប់ចូលរួមបោះឆ្នោតជ្រើសរើសប្រមុខដឹកនាំហុងកុងជាដើម ។
ថ្មីៗនេះទៀត លោកស្រីការី ឡាំដែលជាប្រមុខដឹកនាំហុងកុងមានទំនោររកចិនបានព្រាងច្បាប់មួយដើម្បីបញ្ចូនជនសង្ស័យហុងកុងទៅកាត់ទោសនៅចិន ។ សេចក្តីព្រាងច្បាប់មួយនេះជាជាប្រភពនៃការផ្ទុះបាតុកម្មរបស់ក្រុមអ្នកប្រជាធិបតេយ្យតាំងពីខែមិថុនាមកដល់ពេលនេះ ។ ប្រឈមនឹងការបះបោរ លោកស្រីការី ឡាំបានព្យួរសេចក្តីព្រាងច្បាប់នេះវិញ តែក្រុមអ្នកប្រជាធិបតេយ្យបន្តទាមទារឲ្យលោកស្រីកប់ចោលជាស្ថាពរ ។
បាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ជាការប្រមូលផ្តុំទ្រង់ទ្រាយធំ ស្ថិតនៅសួនឧទ្យាន Victoria ដើម្បីបង្ហាញថា សកម្មភាពរបស់ពួកគេ នៅតែមានការគាំទ្រពីមហាជន ទោះបីអំពើហិង្សាកើនឡើងក៏ដោយ ។ ការប្រមូលផ្តុំនេះ នាំឲ្យពន្យារពេលការដង្ហែក្បួនមួយរបស់ក្រុមបាតុករ ស្ថិតនៅស្ថានីយ Tin Hau MTR នៅជិតសួនឧទ្យាន Victoria ផងដែរ ដោយក្រុមបាតុករមានកាន់បដា និងស្រែកជាសំឡេង ។
រយៈពេល១០សប្តាហ៍មកហើយ បាតុកម្មនៅក្នុងទីក្រុងហុងកុងបានអូសបន្លាយមកទល់ពេលនេះ ។ ក្រុមបាតុករមានពេលខ្លះប៉ះទង្គិចជាមួយក្រុមប៉ូលិសបង្ក្រាបកុប្បកម្មផងដែរ ។ ទីក្រុងសេដ្ឋកិច្ចទាំងមូលញាំញីទៅដោយផ្សែងឧស្ម័នបង្ហូរទឹកភ្នែក ។
កាលពីដើមសប្តាហ៍កន្លងនេះ ក្រុមបាតុករបានបាតុកម្មបង្កឲ្យផ្អាកជើងហោះហើរដឹកអ្នកដំណើរក្នុងទីក្រុង និងបានចាប់វាយដំច្រំធាក់ទៅលើបុរស២នាក់ ដោយចោទប្រកាន់ថា ជាអ្នកយកការណ៍ឲ្យចិនដីគោកថែមទៀតផង ។
បាតុកម្មរបស់បាតុករនៅថ្ងៃអាទិត្យ ជិតឧទ្យាន Victoria នោះ ទទួលបានការអនុញ្ញាតពីប៉ូលិស ។ ក្រុមអ្នករៀបចំបាននិយាយថា នេះជាបាតុកម្ម«សមហេតុសមផល និងមិនមានអំពើហិង្សា» ហើយបាតុកម្មនៅពេលនេះ មានមនុស្សចូលរួមច្រើនជាងកាលពីខែមិថុនា និងខែកក្កដា នោះទៀត ។
ប៉ូលិសបានអនុញ្ញាតឲ្យបាតុករប្រមូលផ្តុំគ្នា ប៉ុន្តែមិនអនុញ្ញាតឲ្យដើរដង្ហែក្បួនឡើយ ។ ការហាមប្រាមរបស់ប៉ូលិសមិនឲ្យមានបាតុកម្មកាលពីគ្រាមុន នាំឲ្យមានការប៉ះទង្គិចរវាងប៉ូលិសបង្ក្រាបកុប្បកម្ម និងក្រុមបាតុករ ។
លោកស្រី Bonnie Leung អ្នកនាំពាក្យរណសិរ្សសិទ្ធិមនុស្សស៊ីវិល ថ្លែងថា «មនុស្សកាន់តែច្រើនឡើងបានចូលរួម… យើងសង្ឃឹមបង្ហាញទៅកាន់ពិភពលោកថា ពលរដ្ឋហុងកុងនឹងមានសន្តិភាពពេញលេញ» ។
បាតុករម្នាក់ឈ្មោះ Ray Cheung អាយុ៣០ឆ្នាំបាននិយាយប្រាប់ប្រភព AFPថា ខ្ញុំសង្ឃឹមថា មនុស្សជាច្រើនអាចបោះជំហានទៅមុខបាន ។ យើងបានព្យាយាមជាច្រើនដងជាមួយវិធីសាស្ត្រសន្តិភាព… ខ្ញុំពិតជាសង្ឃឹមថា រដ្ឋាភិបាលអាចនឹងស្តាប់យើង ។
វិបត្តិនយោបាយដែលមិនធ្លាប់មានពីមុនមកនៅហុងកុងនេះ កើតឡើងដោយសារតែការប្រឆាំងគម្រោងអនុម័តច្បាប់បត្យាប័នទៅកាន់ចិនដីគោក ។ ប៉ុន្តែ ចាប់តាំងពីពេលនោះមក ការតវ៉ាបានក្លាយទៅជាការទាមទារលទ្ធិប្រជាធិបតេយ្យពេញលេញនៅក្នុងទីក្រុងពាក់កណ្តាលស្វ័យភាពនេះទៅវិញ ។
ស្ថិតក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយចក្រភពអង់គ្លេស, រដ្ឋាភិបាលចិនដីគោកបានយល់ព្រមឲ្យហុងកុងរក្សាសិទ្ធិសេរីភាពពិសេស ពេលដែលហុងកុងប្រគល់ត្រឡប់មកចិនក្នុងឆ្នាំ១៩៩៧ ។
បាតុកម្មក្រោមទ្រង់ទ្រាយធំក្នុងថ្ងៃអាទិត្យ ទី១៨ សីហាត្រូវបានគេចាត់ទុកជាថ្ងៃសាកល្បងកម្លាំងរវាងក្រុមបាតុករអ្នកប្រជាធិបតេយ្យប្រឆាំងរដ្ឋអំណាចហុងកុង និងក្រុមបាតុករអ្នកគាំទ្ររដ្ឋអំណាចហុងកុង និងរដ្ឋអំណាចក្រុងប៉េកាំង ។ តាំងពីថ្ងៃសៅរ៍ ទី១៧ សីហា ក្បួនបាតុកម្មរបស់ក្រុមអ្នកគាំទ្ររដ្ឋអំណាចហុងកុង និងមានទំនោររកចិនដីគោកបានរៀបចំឡើងដំណាលគ្នានឹងក្បួនបាតុកម្មរបស់ក្រុមអ្នកប្រឆាំងរដ្ឋអំណាចហុងកុង និងចិនប៉េកាំង ។ ក្រៅពីនៅទឹកដីហុងកុង បាតុកម្មរវាងអ្នកប្រឆាំង និងអ្នកគាំទ្រក៏ត្រូវបានសហគមន៍ចិននៅបរទេសរៀបចំ ដូចយ៉ាងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស និងនៅទីក្រុងមួយចំនួនក្នុងប្រទេសកាណាដា ដូចជា Toronto Calgary និង Vancouver ។
ក្នុងបាតុកម្មថ្ងៃអាទិត្យ ទី១៨ សីហានេះដែរ គ្រប់គ្នាកំពុងរង់ចាំមើលជំហររបស់រដ្ឋអំណាចចិនដីគោកដែលបន្តធ្វើជាអ្នកទស្សនា និងបានត្រឹមសម្តែងសាច់ដុំតាមរយៈការបង្ហាញគ្រឿងសពា្វវុធ រថក្រោះ និងការហ្វឹកហាត់កម្លាំងទាហាននៅក្នុងទីក្រុង Shenzhen ដែលមានព្រំដែនជាប់ហុងកុង ។ រហូតមកដល់ពេលនេះ រដ្ឋអំណាចក្រុងប៉េកាំងកំពុងបន្តទុកឲ្យកម្លាំងប៉ូលិសហុងកុងជាអ្នកដោះស្រាយស្ថានការណ៍ ។ តែគេមិនដឹងថា តើភាពអត់ធ្មត់របស់ក្រុងប៉េកាំងនឹងបន្តមានដល់ពេលណាទេ ។ បើតាមមើលទៅ អ្វីៗវាអាស្រ័យលើស្ថានភាពជាក់ស្តែងនៅក្នុងក្បួនបាតុកម្ម ។ ជាទូទៅ អ្នករៀបចំបាតុកម្មតែងប្រកាសជាបាតុកម្មសន្តិវិធី និងអហិង្សា តែចុងបញ្ចប់មានបង្កប់ដោយការប្រឈមមុខគ្នាយ៉ាងហិង្សារវាងបាតុករ និងកម្លាំងប៉ូលិស៕