ខេត្តប៉ៃលិន៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិន បញ្ជូនខ្លូនទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិនហើយ បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូ មកវាយជនរងគ្រោះដល់ផ្ទះ រួចរត់គេចខ្លូនបាត់ស្រមោល កាលពីយប់ថ្ងៃទី១៥ ខែសីហា កន្លងទៅ ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ហើយបានស្រាវជ្រាវរកឃើញនិងឃាត់ខ្លូននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្បែរវត្តប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមលោកវរសេនីយ៍ត្រី ស៊ិន តាំ អនុប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃ លិន មានប្រសាសន៍ឲ្យដឹងថា៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកវរសេនីយ៍ទោ នង វណ្ណី មេបញ្ជារង ទទួលផែនយុត្តិធម៌ នៃបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឲ្យលោកវរសេនីយ៍ត្រី ស្រី ម៉ន ប្រធានមន្ទីរយុត្តិធម៌ និងរូបលោក ដឹកនាំកម្លាំងសមត្ថកិច្ចអាវុធហត្ថ ចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ បន្ទាប់ពីធ្វើសកម្មភាពហិង្សា រួចគេចខ្លូន យកមកកាន់បញ្ជាការដ្ឋានអាវុធហត្ថខេត្តប៉ៃលិន ។
លោកវរសេនីយ៍ត្រី ស៊ិន តាំ បានបន្តថា៖ បន្ទាប់ពីស្រាវជ្រាវឃើញជនសង្ស័យ លោកក៏សុំគោលការណ៍ពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ដោយដាក់បញ្ជាឲ្យឃាត់ខ្លូនតែម្តង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន រួចបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការនារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះតែម្តង ។
លោក បានបន្តថា៖ ជនសង្ស័យឈ្មោះ ឈឿន ស្រីណុច ភេទស្រីអាយុ៣៤ឆ្នាំ រស់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានជិះម៉ូតូម៉ាកធូដេ ពណ៍ព្រីងទុំ មកវាយជនរងគ្រោះឈ្មោះ សាន់ មុំ ភេទ ស្រី អាយុ ២៧ឆ្នាំ (មានផ្ទៃពោះ២ខែ) រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយចំពោះមូលហេតុគឺជនសង្ស័យ បានចោទជនរងគ្រោះថា វ៉ៃកូនរបស់ខ្លូន (ជនសង្ស័យ) ប៉ុន្តែត្រូវជនរងគ្រោះនិយាយថា មិនបានវ៉ៃនោះទេ ដោយនិយាយចប់ភ្លាមស្រាប់តែ ជនសង្ស័យបានស្ទុះមកវ៉ាយជនរងគ្រោះ បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយជនសង្ស័យ ក៏ជិះចេញទៅបាត់តែម្តង ៕ ស សារ៉េត