ថ្មីៗនេះ ខ្ញុំបាទសង្កេតឃើញមានការរិះគន់ជាខ្លាំងចំពោះរូបភាពមន្ត្រីម្នាក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដែលបានលើកជើងចង្អុលស្លាកលេខរថយន្ត ។ មិនតែប៉ុណ្ណោះ តាមរយៈរូបភាពមួយសន្លឹកនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបក៏បានសម្រេចផ្ទេរស្ត្រីម្នាក់នោះចេញ ដោយយល់ថា វាជាកំហុសឆ្គង ។ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានរិះគន់ចំពោះរូបភាពមួយសន្លឹកនោះ និងបានចែករំលែកតគ្នា វាហាក់ដូចជាបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងចំពោះមន្ត្រី ដែលលើកជើងចង្អុលស្លាកលេខរថយន្តនោះ ។ នៅក្នុងបណ្តាញសង្គម រូបភាពមួយសន្លឹកនេះ ហាក់ដូចជាធ្ងន់ធ្ងរ ដែលអ្នកខ្លះប្រមាថកាតទានដល់ស្ត្រីម្នាក់នោះ ហួសហេតុ ដែលស្ទើរតែមិនអាចទទួលយកបាន ។ កម្សួលនៃការរិះគន់បែបនេះ ទើបធ្វើឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបសម្រេចផ្ទេរមន្ត្រីម្នាក់នោះចេញពីការងារ ដោយយល់ថា ដើម្បីបន្ថយកំហឹងការរិះគន់ ។
តើត្រឹមត្រូវឬទេ ដែលស្ថាប័នរដ្ឋមួយសម្រេចផ្ទេរមន្ត្រីម្នាក់ ឬដកមន្ត្រីម្នាក់ តាមរយៈរូបភាពមួយសន្លឹកដោយមិនបានសួរនាំ រកខុសត្រូវហេតុផលឲ្យបានច្បាស់លាស់ជាមុននោះ ។ គ្មានចម្លើយពីស្ត្រីម្នាក់នោះទេថា ហេតុអ្វីបានជាគាត់លើកជើង? គ្មានសិទ្ធិឆ្លើយតបទាល់តែសោះ គឺត្រូវថ្នាក់លើរបស់ខ្លួនសម្រេចដក និងដាក់ទណ្ឌកម្ម ។ វិធានការនេះ វាហាក់ដូចជាហួសហេតុបន្តិចហើយ នៅក្នុងសង្គមបច្ចុប្បន្ន ដែលគួរណាស់តែមានការសួរនាំឆ្លើយបំភ្លឺឲ្យបានច្បាស់លាស់ មិនមែនសម្រេចចិត្តតាមតែការវាយតម្លៃរបស់មជ្ឈដ្ឋានសង្គមហ្វេសប៊ុកដោយមិនផ្តល់សិទ្ធិឲ្យមានការឆ្លើយតបយ៉ាងដូច្នេះទេ ។ រូបភាពនេះ វាពិតជាមានកំហុសធ្ងន់ធ្ងររហូតដល់មិនអាចលើកលែងឲ្យបានឬយ៉ាងណា? តើគ្រប់រថយន្តដែលមកបំពាក់ស្លាកលេខនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សុទ្ធតែត្រូវស្ត្រីម្នាក់នេះលើកជើងចង្អុលស្លាកលេខនោះឬយ៉ាងណា?
ក្នុងរឿងនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានផ្តល់ជាយោបល់ថា រូបភាពមួយសន្លឹក ដែលគាត់លើកឡើងបែបនេះ វាជាកំហុស ដែលមិនអាចមានការស្រាយបំភ្លឺបានឬយ៉ាងណា? តើគាត់ពិតជាបានលើកជើងចង្អុលស្លាកលេខគ្រប់រថយន្តទាំងអស់ឬយ៉ាងណា? សិទ្ធិដែលបានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក គឺជាការវិនិច្ឆ័យហួសហេតុ ។ បើតាមលោករដ្ឋមន្ត្រី ត្រូវសួរឲ្យបានច្បាស់លាស់រកហេតុផល ដើម្បីឲ្យដឹងការពិត មិនមែនសម្រេចដកមន្ត្រីម្នាក់តាមរយៈហ្វេសប៊ុកនោះទេ ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «រូបថតមួយសន្លឹកមិនអាចយកជាការពិតបានទេ» ។ លោកបានបន្ថែមថា ការមិនបានសួរនាំឲ្យបានស៊ីជម្រៅច្បាស់លាស់ គឺជា«អក្ខរកម្មព័ត៌មាន» និងត្រូវរកប្រភពមូលហេតុឲ្យបានច្បាស់លាស់ ។ ការសម្រេចវិនិច្ឆ័យទៅលើមន្ត្រីម្នាក់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកមិនជារឿងត្រឹមត្រូវទាំងស្រុងនោះឡើយ ។
មានមនុស្សមិនតិចទេក្នុងបណ្តាញសង្គមហ្វេសប៊ុក ច្រើនតែ«តែៗ ស្ករៗ» ដែលមិនបានមើលឲ្យគ្រប់ជ្រុងនៃបញ្ហា ហើយបានរុញទម្លាក់កំហុសដោយមិនបានពិចារណាឲ្យគ្រប់ជ្រុងជ្រោយ ។ មិនតែប៉ុណ្ណោះ នៅក្នុងបណ្តាញសង្គម ហាក់ដូចជាបានដាក់គំនាបគាបសង្កត់ទៅលើស្ត្រីម្នាក់នោះ ដែលការអត្ថាធិប្បាយខ្លះ មើលទៅហាក់ដូចជាកំហុសធ្ងន់ធ្ងរ និងប្រសិនបើអ្នកប្រព្រឹត្តនោះមិនបានគិតវែងឆ្ងាយ អាចនាំឲ្យមានការធ្វើអត្តឃាតទៀតផង ។ បញ្ហានៅក្នុងបណ្តាញសង្គម គឺជារឿងមួយ ប៉ុន្តែមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប គឺជារឿងមួយ មិនមែនត្រូវហៃអើ តែៗ ស្ករៗ តាមហ្វេសប៊ុកនោះឡើយ ។ ផ្ទុយទៅវិញ ត្រូវសួរនាំ ស្រាវជ្រាវរកមូលហេតុ ដែលនាំឲ្យមានការរិះគន់ ហើយត្រូវពិចារណាថា តើការរិះគន់នោះ មានហេតុផលត្រឹមត្រូវឬទេ? កុំឲ្យដូចការរិះគន់ប៉ុន្មានថ្ងៃមុនដែលថា អក្សរសរសេរនៅលើរថយន្តសង្គ្រោះបន្ទាន់ បញ្ច្រាស ខុសនោះ វាជារឿងគួរឲ្យខ្មាស់អៀនណាស់ ៕ ប្រជាពលរដ្ឋម្នាក់