ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអាមេរិកដែលលក់អាវុធឲ្យតៃវ៉ាន់ នឹងទទួលរងទណ្ឌកម្មពីចិន​

ចែករំលែក៖

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuangបានឲ្យដឹងនៅថ្ងៃពុធនេះថា ក្រុងប៉េកាំងបានព្រមានថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការអនុម័តលក់អាវុធទៅឲ្យកោះតៃវ៉ាន់ គឺជារឿងខុសច្បាប់​ បំពានច្បាប់ចិនតែមួយ ហើយ ទីក្រុងប៉េកាំង នឹងដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុនអាមេរិក​ ។

កាលពីខែកក្កដា កន្លងទៅនេះ ក្រុងប៉េកាំង បានព្រមានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កោះតៃវ៉ាន់ និងបានទាមទារឲ្យសហរដ្ឋអាមេរិក បញ្ឈប់រាល់ទំនាក់ទំនងផ្លូវការ និងយោធារវាងទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ ប៉ុន្តែក្រុងវ៉ាស៊ីនតោនដូចជានៅតែធ្វើមិនដឹងមិនលឺ ចំពោះការព្រមាននេះដដែល ។

ចិនបានព្រមាន​ថា ខ្លួន​នឹងដាក់ទណ្ឌកម្មទៅលើបណ្តាក្រុមហ៊ុនអាមេរិក ដែលសម្រេចលក់អាវុធទៅឲ្យកោះតៃវ៉ាន​ ក្រោយរដ្ឋាភិបាលអាមេរិក ប្រកាសលក់គ្រឿងសព្វាវុធ​ ក្នុងនោះមានយន្តហោះចម្បាំងផងដែរ មានតម្លៃ រហូតដល់ជាង៨ពាន់លានដុល្លារអាមេរិក ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានប្រកាសថា​ ចិននឹងដាក់ទណ្ឌកម្មទៅលើ​បណ្តាក្រុមហ៊ុនអាមេរិក ដែលបានលក់អាវុធទៅឲ្យកោះតៃវ៉ាន់​ ព្រោះនេះជាការបំពាន់ច្បាប់តែមួយរបស់រដ្ឋាភិបាលទីក្រុង​ប៉េកាំង​ ។ ជាមួយគ្នានេះដែរ ចិន​បានស្នើដល់អាមេរិក ឲ្យឈប់ទំនាក់ទំនងយោធាជាមួយតៃវ៉ាន ដោយសារតែកោះតៃវ៉ាន់ គឺជាផ្នែកមួយ នៃទឹកដីរបស់ប្រទេសចិន ដោយមិនអាចកាត់ផ្តាច់ពីគ្នាបាន ។

កាលពីថ្ងៃទី​២០ ខែសីហា ក្រសួងការពារជាតិអាមេរិក​ បានសម្រេច​អនុម័ត​លក់យន្តហោះចម្បាំង ប្រភេទ​F-16 ចំនួន៦៦គ្រឿងទៅឲ្យកោះតៃវ៉ាន់ ។ លោក Derek Grossman អ្នកឯកទេសវិភាគស្តីពីសកម្មភាព​ការពារជាតិអាមេរិក ​បានវាយតម្លៃថា «ខ្ញុំគិតថា ការព្រមានដាក់ទណ្ឌកម្ម​របស់ចិន គឺជារឿង​ស្រមើស្រមៃនោះទេ ។ កន្លងមក អាមេរិកបានលក់រថក្រោះ ប្រភេទ Abrams មានតម្លៃ២ពាន់លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់ រួចមកហើយ ។ ប៉ុន្ដែ​នៅពេលនោះ ចិនក៏ធ្លាប់ព្រមានដាក់ទណ្ឌកម្មដល់ក្រុមហ៊ុនអាមេរិកដូចគ្នានេះដែរ​ ប៉ុន្តែមិនមានលទ្ធផលអ្វីឡើយ ។

តៃ​វ៉ាន់ បានគ្រប់គ្រងស្វ័យភាព ចាប់​​តាំងពីឆ្នាំ​១៩៤៩មកម៉្លេះ​ ប៉ុន្តែ​ចិននៅតែចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកមួយ នៃ​ទឹកដីចិន ដោយមិនអាចកាត់ផ្តាច់បានឡើយ​ ។ លុះមកដល់អំឡុងឆ្នាំ​១៩៧៩​ អាមេរិក​បានផ្លាស់ប្តូរទំនាក់ទំនងការបរទេស​ ពីកោះតៃវ៉ាន ងាកទៅរកទីក្រុងប៉េកាំងវិញ​ ដោយបានចុះកិច្ចព្រមព្រៀង ជាមួយចិន​ គោរពច្បាប់ចិនតែមួយ​ ។ ដូច្នេះការលក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់ គឺជា​ការបំពាន់លើច្បាប់ចិនតែមួយ៕


ចែករំលែក៖