សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លំាងដល់ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ នៅព្រៃអាម៉ាហ្ស៊ូន ប្រធានាធិបតីប្រេស៊ីល នៅថ្ងៃទី២២ ខែសីហាបានបញ្ជាក់ថា សហគមន៍អន្តរជាតិ មិនបាច់ចូលរួមពន្លត់អគ្គិភ័យនោះឡើយ ។
ការលើកឡើងខាងលើ របស់ប្រធានាធិបតីប្រេស៊ីលកើតឡើង ក្រោយពេល រដ្ឋាភិបាលបារាំង និងអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ បានអំពាវនាវឲ្យមានកិច្ចការពារយ៉ាងខ្លាំង ចំពោះព្រៃអាម៉ាហ្សូន ស្ថិតក្នុងប្រទេសប្រេស៊ីល ដែលកំពុងរងនូវការឆាបឆេះយ៉ាងខ្លាំង ។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថា លោកពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារភ្លើងឆេះ នៅឯតំបន់អាម៉ាហ្សូន នោះ ។ លោកបានថ្លែងនៅលើបណ្តាញសង្គមធ្វីធើរថា ក្នុងដំណាក់កាលដែលកំពុងតែមានវិបត្តិ ចំពោះអាកាសធាតុ នៅទូទាំងពិភពលោកហើយនោះ យើងមិនអាចទប់ទល់ជាមួយ និងការបំផ្លាញប្រភពអុកស៊ីហ្សែន និងជីវចម្រុះដ៏ទ្រង់ទ្រាយធំនេះបានទៀតទេ ។ តំបន់អាម៉ាហ្សូន ត្រូវតែមានកិច្ចការពារយ៉ាងមាំទាំបំផុត ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្លែងថា ភ្លើងឆេះព្រៃ គឺជាវិបត្តិអន្តរជាតិមួយ ហើយលោកបានអំពាវនាវដល់ប្រទេសដែលមានឧស្សាហកម្មរីកច្រើនបំផុត នៅលើពិភពលោក ត្រូវលើកឡើង អំពីបញ្ហានេះ នៅក្នុងជំនួបកំពូលរបស់ពួកគេ នៅចុងសប្តាហ៍នេះ ។
មន្ត្រីបានបញ្ចេញតួលេខថា ភ្លើងឆេះព្រៃកើតមានជិត ៧៣ ០០០លើក នៅក្នុងប្រទេសប្រេស៊ីល ក្នុងរយៈពេល៨ខែ នាដើមឆ្នាំ២០១៩នេះ គឺជាចំនួនដែលច្រើនបំផុត ចាប់តាំងពីឆ្នាំ២០១៣រហូតមក ។ ភ្លើងឆេះព្រៃទាំងនោះ ភាគច្រើនឆេះ នៅតំបន់ព្រៃអាម៉ាហ្សូន ។ ព្រៃអាម៉ាហ្សូន ត្រូវបានគេចាត់ទុក ជាសួត នៃផែនដី ដោយសារវាផលិតខ្យល់អុកស៊ីហ្សែន ប្រហែល២០ភាគរយ នៅក្នុងបរិយាកាស នៃផែនដីទាំងមូល ហើយក៏ជាព្រៃទាក់ទាញទឹកភ្លៀងដ៏សំខាន់មួយ នៅលើពិភពលោក ផងដែរ ។
ក្រុមអង្គការសង្គមស៊ីវិលផ្នែកការពារបរិស្ថាន នៅក្នុងប្រទេសប្រេស៊ីល បានទម្លាក់ការទទួលខុសត្រូវ ចំពោះបញ្ហាភ្លើងឆេះព្រៃ លើប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដោយចោទថាលោក មានភាពធូររលង់ ក្នុងការគ្រប់គ្រងព្រៃឈើ ហើយទាំងលើកទឹកចិត្តឱ្យមានការកាប់បំផ្លាញព្រៃទៀតផង ។
លោក Bolsonaro បានចោទប្រកាន់បកមកវិញថា ភ្លើងឆេះព្រៃ នៅក្នុងតំបន់អាម៉ាហ្សូន អាចបណ្ដាលមកពីក្រុមអង្គការសង្គមស៊ីវិលការពារបរិស្ថាន គឺជាអ្នកដុត ដោយចេតនា ដើម្បីឱ្យអន្តរជាតិរិះគន់មកលើរដ្ឋាភិបាលរបស់លោក ។ លើសពីនេះទៅទៀត លោកប្រធានាធិបតីប្រេស៊ីលរូបនេះ ក៏បានបណ្ដេញនាយកវិទ្យាស្ថាន INPE ចេញពីតំណែង បន្ទាប់ពីបានចុះផ្សាយរបាយការណ៍ថា ការកាប់បំផ្លាញព្រៃឈើ នៅតំបន់អាម៉ាហ្សូន មានអាត្រា រហូតដល់ទៅ៨៨ភាគរយ នៅក្នុងខែមិថុនា ឆ្នាំ២០១៩ កន្លងមកនេះ៕