ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា នេះ អាជ្ញាធរបានបង្ហាញរបាយការណ៍លម្អិតហើយ ចំពោះករណីឆេះអគារ៦ជាន់នៃរោងចក្រផលិតពូក នៅខណ្ឌមានជ័យ គឺ ការខូចខាតទ្រព្យសម្បត្តិអស់ជាង៣លានដុល្លារអាមេរិក ។
របាយការណ៍ពីអាជ្ញាធរដែល ទទួលបាន បង្ហាញថា សម្រាប់ហេតុការណ៍គ្រោះអគ្គិភ័យ ដែលមិនធ្លាប់មាននៅក្នុងរាជធានីភ្នំពេញនេះ បណ្ដាលឲ្យអគារសិប្បកម្ម និងសម្ភារ ឧបករណ៍ផលិតពូកជាច្រើនគ្រឿង ត្រូវបានខូចខាតទាំងស្រុង សរុបទឹកប្រាក់ ចំនួន៣,៣៥០,០០០ដុល្លារអាមេរិក ។
ក្នុងនោះរួមមាន៖
ទី១៖ អគារសិប្បកម្មចំនួន៣ខ្នង (កម្ពស់៤ជាន់ ចំនួន១ខ្នង, កម្ពស់៦ជាន់ ចំនួន១ខ្នង និងឃ្លាំងប្រក់ស័ង្កី ចំនួន១ខ្នង) សរុបទំហំ១០,៤៩៣ម៉ែត្រការ៉េ។
ទី២៖ ម៉ាស៊ីនកាត់ដេរ ចំនួន១៨គ្រឿង
ទី៣៖ ម៉ាស៊ីនកាត់ពូក ចំនួន៧គ្រឿង
ទី៤៖ ម៉ាស៊ីនចាក់ពូក ចំនួន១គ្រឿង។
ដោយឡែក សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន៤៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៦១ឡាន ស្មើនឹងទឹក១,៤៧៦ម៉ែត្រគូបរួមមាន៖
រថយន្តរបស់ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋានរាជធានីភ្នំពេញ ចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់១៣៨រថយន្ត ស្មើនឹង៦៥៤ម៉ែត្រគូប
រថយន្តពន្លត់អគ្គីភ័យរបស់អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់១០រថយន្ត ស្មើនឹង៤០ម៉ែត្រគូប
រថយន្តពន្លត់អគ្គីភ័យរបស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៥គ្រឿងប្រើប្រាស់ទឹកអស់៣៥រថយន្ត ស្មើនឹង១៦៨ម៉ែត្រគូប
រថយន្តពន្លត់អគ្គីភ័យរបស់ បញ្ជាការដ្ឋានកងពលតូចលេខ៧០ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់១០រថយន្ត ស្មើនឹង៤០ម៉ែត្រគូប
រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់៣៦រថយន្ត ស្មើនឹង៤១០ម៉ែត្រគូប
រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន OCIC កោះពេជ្រ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់៣០រថយន្ត ស្មើនឹង១៤៤ម៉ែត្រគូប
រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនស្រាបៀកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ស្មើនឹង១២ម៉ែត្រគូប
រថយន្តរបស់ក្រុមហ៊ុនបូរីប៉េងហួត ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២រថយន្ត ស្មើនឹង០៨ម៉ែត្រគូប។
អគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី មិនមានការឆេះរាលដាលដល់ផ្ទះរបស់អ្នកជិតខាង និងមិនមានអ្នកណាម្នាក់រងរបួស ឬបាត់បង់អាយុជីវិតឡើយ។ ប៉ុន្តែចំពោះផ្លូវមួយចំនួន ដែលត្រូវឆ្លងកាត់មកកន្លែងកើតហេតុ រួមទាំងផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅជាប់នឹងបរិវេណនៃកន្លែងកើតហេតុ ត្រូវបានក្រុមការងារមិនអនុញ្ញាតឲ្យមានការឆ្លងកាត់ និងស្នាក់នៅតាមផ្ទះឡើយ ដើម្បីបង្ការករណីគ្រោះថ្នាក់កើតឡើង ពីការបាក់រលំអគារដែលអគ្គីភ័យឆាបឆេះខាងលើនេះ៕ ចេស្តា