ព័ត៌មានទាន់ហេតុការណ៍៖

ហាយឡែនឌ័រ បោះពួយបុកអ្នកជិះម៉ូតូឆ្លងផ្លូវស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធម័ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ រវាងអ្នកបើកបររថយន្ត និងម៉ូតូជិះឆ្លងផ្លូវ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង០៥នាទី ព្រឹក ថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៤.១៩៥ ស្ថិតក្នុងភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកបាកានឃើញថា មុនកើតហេតុគេឃើញរថយន្ត ១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT 7426 បើកបរដោយឈ្មោះ ស ឡុង ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុជ្រុលបុកអ្នកជិះម៉ូតូឆ្លងផ្លូវ ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូងពេញទំហឹង បណ្ដាលឲ្យភាគីជិះម៉ូតូស្លាប់ភ្លាមៗ ។

របាយការណ៍នគរបាលបន្តថា ភាគ្គីរងគ្រោះស្លាប់ឈ្មោះ ស៊ុន ចេក ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិអណ្ដូងសំប៊ូ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើដំណើរដោយម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E 5360 ។

របាយការណ៍ដដែលបន្តទៀតថា សាកសពធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារសាច់ញាត្តិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំពោះវវត្ថុតាងម៉ូតូ និងរថយន្ត នគរបាលការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកទៅរក្សាទុកជាបណ្ណោះអាសន្ន រងចាំបន្តនីតិវិធី ៕ បុឹម ពិន


ចែករំលែក៖