ភ្នំពេញ៖ ស្ត្រីជនជាតិកូរ៉េម្នាក់ ត្រូវបានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ តែមិនបានសម្រេច ខណៈដែលប្រជាពលរដ្ឋចំនួន២នាក់ ឃើញហេតុការណ៍នេះបានជិះម៉ូតូដេញតាមចាប់ ធ្វើឲ្យជនសង្ស័យភ័យស្លាន់ស្លោ ក៏ផ្ដួលម៉ូតូរត់ចោលរត់យករួចខ្លួនតែម្ដង ។
ករណីឆក់ទូរស័ព្ទជនបរទេសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងត្បូងស្តុបសាលាបឋមសិក្សាជា ស៊ីមសន្ធរម៉ុក តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញស្ត្រីជនជាតិកូរ៉េម្នាក់ ជិះម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AY-7781 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ចេញពីស្តុកសន្ធរម៉ុក ក្នុងទិសដៅពីជើងទៅត្បូង លុះមកផុតស្តុបបន្តិច ស្រាប់តែលិចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Bat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HW-4873 ធ្វើដំណើរមកពីក្រោយ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទពីស្ត្រីជនជាតិកូរ៉េនោះ តែមិនបានសម្រេច ។ ភ្លាមនោះត្រូវបានប្រជាពលរដ្ឋឃើញទាន់មានគ្នា២នាក់ដែល ក៏ជិះម៉ូតូប្រដេញតាមចាប់ជនសង្ស័យពីក្រោយ ធ្វើឱ្យពួកគេភ័យស្លាន់ស្លោ ក៏ផ្ដួលម៉ូតូចោលហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជខណ្ឌទួលគោក បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ហើយនាំស្ត្រីរងគ្រោះជនជាតិកូរ៉េ រួមទាំងម៉ូតូជនសង្ស័យ យកទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនាំ ។ មួយសន្ទុះក្រោយមកក៏គេឃើញមានកម្លាំងនគរបាលខណ្ឌទួលគោក ចុះមកដល់កន្លែងកើតហេតុផងដែរ បានត្រឹមតែសួរនាំប្រជាពលរដ្ឋ និងសោកស្តាយម៉ូតូជនសង្ស័យ ដែលត្រូវកងរាជអាវុធហត្ថយកទៅបាត់ ព្រោះចុះមកក្រោយគេ ៕ស រស្មី