ព័ត៌មានទាន់ហេតុការណ៍៖

សូមមេត្ដាប្រុងប្រយ័ត្ន! មេភូមិក្រវ៉ា ត្រូវខ្សែភ្លើងឆក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសវ័យចំណាស់ម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់បញ្ជួនមកសង្គ្រោះនៅមន្ទីរពេទ្យបារាយណ៍-សន្ទុក ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឋិតនៅចំណុចភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

លោក ពៅ សេរីរិទ្ធ នាយរងប៉ុស្តិ៍បានឲ្យដឹងតាមទូរស័ព្ទថា ជនរងគ្រោះឈ្មោះ ហេង ប៊ុនណា ភេទប្រុស អាយុ៦៥ឆ្នាំ មានតួនាទីមេភូមិក្រវ៉ា (ស្លាប់នៅ នឹងកន្លែងកើតហេតុ) ទីលំនៅ ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ចំណែកអ្នករបួសធ្ងន់ឈ្មោះ សួន ម៉េត ភេទប្រុស អាយុ៦៣ឆ្នាំ (របួសធ្ងន់) ទីលំនៅ ភូមិ ឃុំជាមួយគ្នា ។

លោកពៅ សេរីរិទ្ធ បានបញ្ជាក់ទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានលើកមេក្រូដែលមានដងដែក ដើម្បីឃោសនាបច្ច័យអំពីសំណាក់បងប្អូនប្រជាពលរដ្ឋរាយអង្គាសគ្នាដើម្បីជួសជុសផ្លូវក្នុងភូមិ ខណ:លើកមេក្រូឡើងលើ ក៏ប៉ះចំខ្សែភ្លើងដែលគ្មានស្រោមជ័រ គឺស្រាតបណ្តាលឲ្យឆក់ឈ្មោះ សួន ម៉េត សន្លប់ស្តូកស្តឹង ហើយលោកហេង ប៊ុនណា ដែលជាមេភូមិ ក៏ស្ទុះទៅជួយចាប់ចំដងមេក្រូ ឆក់ស្លាប់ភ្លាមៗតែម្តង ។

សាកសពជនរងគ្រោះ ត្រូវសាច់ញាតិប្រពន្ធកូនយកទៅធ្វើបុណ្យតាមប្រពៃណី… ចំណែកអ្នកដែលរងរបួសធ្ងន់នោះ ពេលនេះរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖