ខេត្តកណ្ដាល៖ ក្មេងស្រីអាយុ២ឆ្នាំម្នាក់ លង់ទឹកស្លាប់យ៉ាងអណោចអធ័ម ខណៈតាមម្ដាយមីងទៅបេះត្រកួនក្នុងបឹងមួយកន្លែងកាលពីវេលាម៉ោង៩និង១០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ឌឿន ឌីណា ភេទស្រី អាយុ២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុកគ្រួសារ ។ មានឪពុកឈ្មោះ ទី ឌឿ អាយុ៣៥ឆ្នាំនិងម្ដាយឈ្មោះ ដា លក្ខិណា អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ វេលាម៉ោង៩និង១០នាទី ឈ្មោះ ឌឿន ឌីណា បានលេងនៅមុខផ្ទះជាមួយម្ដាយមីង និងម្ដាយបង្កើត បន្ទាប់មកម្ដាយបង្កើតក្មេងស្រីរងគ្រោះបានចូលទៅក្នុងផ្ទះ រីឯម្ដាយមីងបានទៅបេះត្រកួននៅខាងកើតផ្ទះ តែមិនដឹងថាក្មួយទៅតាមក្រោយទេ ។ លុះបានមួយសន្ទុះក្រោយមក ពេលម្ដាយក្មេងស្រីរងគ្រោះចេញពីក្នុងផ្ទះវិញ មិនឃើញកូន ក៏នាំគ្នាដើររកជុំវិញផ្ទះតែមិនឃើញ ឯជីតាក្មេងស្រីរងគ្រោះ បានដើរខាងកើតផ្ទះក៍ឃើញដានជើងចៅគាត់ បានចុះក្នុងទឹកបឹង ហើយរាវរកប្រហែលជា៣០នាទី ទើបឃើញក្មេងស្រីរងគ្រោះ តែក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ភ្លាមៗនោះ ក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ច ប៉ុស្ដិ៍នគរបាលព្រែកអំបិល ដើម្បីធ្វើការពិនិត្យ ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្ដិ៍នគរបាលព្រែកអំបិល សហការជាមួយកម្លាំងជំនាញស្រុកស្អាង ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ ,មេភូមិ និងគ្រូពេទ្យ រួចធ្វើការពិនិត្យសាកសពក្មេងស្រីរងគ្រោះ ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ។ ក្រោយពិនិត្យរួចសាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ