ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពេលដែលតារាសម្តែងថ្មីកញ្ញា ឡេ ឆៃលីន ហៅ ស៊ីង ស៊ីងដែលជាកូនកាត់ខ្មែរ-ភូមា បានលេខមុខក្នុងការងារសិល្បៈកាលពីពេលថ្មីៗនេះ។ ទោះជាពន្លកថ្មី ប៉ុន្តែទេពកោសល្យសិល្បៈ និងរូបសម្រស់ស្រស់សោភាពីធម្មជាតិនាងមានស្រាប់ដែលគេដឹងថានឹងអាចទាញយកការគាំទ្រច្រើនពីទស្សនិកជនក្នុងរយៈពេលដ៏ខ្លីខាងមុខ។
ស្ថិតក្នុងវ័យ២០ឆ្នាំ ឡេ ឆៃលីន មានឪពុកម្តាយជាអ្នកជំនួញ ខណៈដែលឪពុកជាជនជាតិខ្មែរ និងម្តាយជាជនជាតិភូមា។ នាងថាការងារមុខជំនួញច្រើននាងមិនបានស្ថិតក្នុងបន្ទុកគ្រួសារទេខណៈម្តាយកំពុងរស់នៅប៉ោយប៉ែត និងឪពុករស់នៅ និងបំពេញការងារនៅក្រុងបាវិត។
នាងថាមុខមាត់កាត់ទៅខាងឪពុកបន្តិច និងម្តាយបន្តិច ហើយនាងកើតនៅកម្ពុជា និងមិនធ្លាប់រៀននិយាយភាសាភូមានោះទេ ។ នាងបញ្ជាក់ថាទើបនឹងប្រឡូកសិល្បៈក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះប៉ុណ្ណោះ ប៉ុន្តែមានផលិតករមួយចំនួនចាប់អារម្នណ៍។ នាងថាចាប់ផ្តើមភ្លាមនាងបានថតទាំងការសម្តែងភាពយន្តខ្នាតធំ និងភាពយន្តកំប្លែងរបស់ទូរទស្សន៍មួយផងដែរ។ ពិសេសនាងទើបនឹងបានថតរួមគ្នាជាមួយក្រុមការងារទូរទស្សន៍ខ្មែរ និងមកពីប្រទេសចិន ផលិតភាពយន្តរួមគ្នាផងដែរ។
នាងថាការងារសិល្បៈផ្នែកសម្តែងគឺជាចំណង់ចំណូលចិត្ត និងក្តីស្រម៉ៃរបស់នាងចាប់តាំងពីកុមារមកម្ល៉េះ ហើយពេលនេះនាងសម្រេចចិត្តចូលប្រឡូកហើយដែលរំពឹងថានឹងទទួលបានការគាំទ្រពីក្រុមគ្រួសារ មិត្តភ័ក្កិ និងទស្សនិកជន៕ វឌ្ឍនា