ព័ត៌មានទាន់ហេតុការណ៍៖

ទាស់ពាក្យសំដីគ្នាបន្តិចបន្តួច ឈានដល់ប្រើអំពើហិង្សា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់យកសំរាមទៅទុកចោលនៅមុខផ្លូវក្បែរហាងម៉ាស្សា បណ្តាលឲ្យផ្ទុះទាស់ពាក្យសំដីដាក់គ្នា បង្កជាអំពើហិង្សាយកដុំថ្មគប់គ្នាទៅវិញទៅមក ធ្វើឲ្យមានអ្នករងរបួសមានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង០៥នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៩៤ នៅចំណុចហាងម៉ាស្សាយីហោវត្តភ្នំ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីខាងជនរងគ្រោះមានឈ្មោះប៊ុន ណាទី ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ 11E1 ផ្លូវលេខ៩៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានឲ្យដឹងថា មុនពេលកើតហេតុខាងលើនះ គឺឪពុករបស់គាត់បានយកសំរាមពីក្នុងផ្ទះយកទៅដាក់ខាងក្រៅផ្ទះ នៅមុខផ្លូវជាប់ក្បែរនឹងហាងម៉ាស្សាយីហោវត្តភ្នំ ស្រាប់តែពេលភ្លាមៗនោះដែរ ក៏មានកូនប្រុសរបស់ថៅកែហាងខាងលើនេះ គាត់ចេញមកឈ្លោះ និងជេរប្រមាថឪពុករបស់គាត់ ហើយក៏ភ្លាមៗនោះដែរ គាត់ក៏បើកម៉ូតូកង់បីមកដល់កន្លែងកើតហេតុ ស្រាប់តែជនបង្កមានឈ្មោះ អុក ផល្លា ហៅ អាវី ភេទប្រុស អាយុប្រហែលជា៣០ឆ្នាំ បានយកដុំថ្ម យកទៅគប់លើរូបគាត់ បណ្តាលឲ្យបែកចិញ្ចើមខាងស្តាំ ចេញឈាមស្រោចពេញមុខ រួចហើយក៏កើតជាការឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវតែម្តង បង្កការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ រួមនឹងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះទៅហាមឃាត់កុំឲ្យប្រើហិង្សាតទៀត ។ ប្រភពព័ត៌មានដដែលបានបន្តទៀតថា កន្លែងនេះគាត់ និងអ្នកភូមិ១១ទាំងអស់ ធ្លាប់ដាក់សំរាមជាយូរមកហើយ ហេតុអីបែរជាមិនឲ្យគាត់ដាក់ទៅវិញ ។

បើតាមសំដីរបស់ខាងភាគីម្ខាងទៀតមានឈ្មោះ អុក ផល្លា ហៅអាវី ភេទប្រុស អាយុប្រហែល៣០ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុរយះពេលប៉ុន្មានខែនេះ ខាងគាត់បានរៀបចំធុងសំរាមដើម្បីឲ្យអ្នកភូមិទាំងអស់ កុំយកសំរាមមកបោះចោលនៅខាងមុខផ្លូវទៀត ដោយសារតែអត់មានអនាម័យ ទើបគាត់ធ្វើបែបនេះ លុះពេលឡានសំរាមមកដល់គឺមានខាងសន្តិសុខរបស់គាត់ជួយលើកធុងសំរាមយកទៅដាក់ខាងមុខ ដើម្បីចាក់ចោល ប៉ុន្តែបែរជាខាងភាគីខាងលើ មិនព្រមធ្វើតាម ហើយបែរជាចោទថា ខាងគាត់ចង់យកចំណីផ្លូវទុកប្រើប្រាស់តែម្នាក់ឯងទៅវិញ ហើយមួយណាទៀត ដោយសារតែលើកមុនខាងគ្រួសារហ្នឹង គាត់ធ្លាប់មានគំនុំឈ្លោះទាស់គ្នារយះពេលជាយូរមកហើយផងដែរ ។

ក្រោយពេលកើតហេតុ ខាងភាគីដែលរងគ្រោះបែកចិញ្ចើមខាងស្តាំគាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី ៕ ធឿនព្រែកជ័យ


ចែករំលែក៖