ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ដោយសារមានទំនាស់ជាមួយកម្មករធ្វើការក្នុងរោងចក្រដូចគ្នា ធ្វើឲ្យថៅរោងចក្របញ្ឈប់ពីការងារ មានចិត្តខឹងក៏យកកាំបិតប៉័ងតោកាប់ទៅលើគូរទំនាស់របស់ខ្លួន និងកាប់ទៅលើបុរសម្នាក់ទៀត ដែលមកជួយលើកសង្រ្គោះជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះទាំង២នាក់ទទួលរងរបួសយ៉ាងដំណំ ។ ករណីនេះ បានកើតឡើងវេលាម៉ោង១១ និង១០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខរោងចក្រខេមអេភីអាយ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អ៊ុន រាជ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិដូនអៀត ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកជរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ ឆន ជ័ង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសួសនៃ ឃុំជើងរាស់ ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ(របួសខ្នងដេរចំនួន៤ថ្នេរ) និងទី២-ឈ្មោះ សូត្រ ហ័ង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសួសនៃ ឃុំជើងរាស់ ស្រុកឧត្តុង្គខេត្ត ខេត្តកំពង់ស្ពឺ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ជនសង្ស័យ និងរងគ្រោះឈ្មោះ ឆន ជ័ង បានមានទំនាស់ជាមួយគ្នានៅក្នុងរោងចក្រ ក្រោយមកត្រូវបានរដ្ឋបាលរោងចក្របញ្ឈប់ជនសង្ស័យពីការងារ ទើបជនសង្ស័យមានចិត្តខឹង ។ លុះដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះ ដោយយកកាំបិតប៉័ងតោមកជាមួយ រួចរងចាំជនរងគ្រោះហូបបាយហើយ ក៏ចូលកាប់ជនរងគ្រោះចំនួន១កាំបិត ឃើញដូច្នោះ ជនរងគ្រោះម្នាក់ទៀតឈ្មោះសូត្រ ហ័ង រត់មកជួយលើកឈ្មោះ ឆន ជ័ង ឡើង ក៏ត្រូវជនដង្ស័យកាប់១កាំបិតទៀត ត្រូវត្រង់ក្បាល ហើយជិះម៉ូតូរត់គេចតែម្តង។ រហូតមកដល់ថ្ងៃទី១២ ខែឆ្នាំដដែល ជនរងគ្រោះបានមកបើកលុយក្នុងរោងចក្រ ភ្លាមនោះសមត្ថកិច្ចធ្វើការឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះទាំង២នាក់ប្រាកដមែន បន្ទាប់ពីកាប់រួច ខ្លួនបានជិះម៉ូតូរត់គេច ដោយយកកាំបិតទៅបោះចោលក្នុងប្រឡាយទឹក ហើយជិះទៅផ្ទះបាត់ ៕ ស្អាងជ័យ