ព័ត៌មានទាន់ហេតុការណ៍៖

តែងតាំងលោក ស៊ូម៉ុល ជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង បានណែនាំ ដល់លោកប្រធាន គណបក្សស្រុករមាសហែកសមាជិកបក្ស សមាជិការគណបក្សគ្រប់លំដាប់ថ្នាក់ សូមកុំសប្បាយភ្លេចខ្លួន មានមោទនភាពជ្រុល ដោយត្រូវយកចិត្តទុកដាក់ អនុវត្តការងារគ្រប់ពេលវេលា និងមិនត្រូវធ្វេសប្រហែសជាដាច់ខាត ។

ការថ្លែង លើកឡើងបែបនេះនៅគ្រាដែរ លោក ប្រធានគណបក្សខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសលោក ស៊ូម៉ុល ជាប្រធានគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក បន្ថែមលើមុខងារបច្ចុប្បន្ន ជាអភិបាលស្រុកមុខងារបច្ចុប្បន្ន ជាអភិបាលស្រុករមាសហែកនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំបក្សស្រុក ។

លោកម៉ែន វិបុលបានបន្តថា លោកប្រធានគណបក្សស្រុកថ្មី ដែលប្រកាសនៅថ្ងៃនេះ ត្រូវតែខិតខំប្រឹងប្រែង ដឹកនាំ កសាងស្រុក ឲ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយ របស់គណបក្ស ដែលថ្នាក់កណ្តាល និងថ្នាក់ខេត្ត បានដាក់ចុះឲ្យបានត្រឹមត្រូវនិងម៉ឺងម៉ាត់ ។

លោកបានបញ្ជាក់ថាត្រូវបង្កើន និងពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឲ្យបានរឹងមាំ ដោយឈរលើមាគ៌ាមហាជន របស់បក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជម្នះ គ្រប់កាលបោះឆ្នោតជាបន្តបន្ទាប់ នៅអាណត្តិក្រោយៗ ដែលក្នុងនោះ មានការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២០ និងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ ។

លោកបានសង្កត់ធ្ងន់ថា គ្មានគណបក្ស ណា អាច ផ្តួលរំលំ គណបក្សប្រជាជនកម្ពុជា បានទេ គឺមានតែមន្ត្រី គណបក្សប្រជាជនកម្ពុជា ដែលអាចផ្តួលរំលំ គណបក្ស ប្រជាជនកម្ពុជា ខ្លួនឯងបាន ដោយផ្តើមចេញពីការបែកបាក់ សាមគ្គី នេះឯង ។ ដូច្នេះ មិនត្រូវឲ្យមានជាដាច់ខាត ត្រូវសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងរួមគ្នា ធ្វើការងារដើម្បីគណបក្ស ប្រជាជនកម្ពុជា និងត្រូវបន្ត ចុះមូលដ្ឋាន ជាប្រចាំ គ្រប់ទីកន្លែង មិនមែនទាល់តែដល់រដូវបោះឆ្នោត ទើបនាំគ្នា ចុះ មូលដ្ឋាននោះទេ ។ មិនតែប៉ុណ្ណោះ ត្រូវសហការនិងមានទំនាក់ទំនងល្អ និងជាប់ជានិច្ចជាមួយសមាជិក សមាជិការគណបក្សនៅមូលដ្ឋាន ដើម្បីចូលរួមដោះស្រាយ នូវរាល់បញ្ហាផ្សេងៗ តាមសំណូមពររបស់ពលរដ្ឋ ឲ្យបានទាន់ពេលវេលា ៕ យឹម សុថាន


ចែករំលែក៖