ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្រៀនម្នាក់ដេកស្លាប់ក្នុងបន្ទប់រហូតក្លិនស្អុយទើបដឹង

ចែករំលែក៖

ភ្នំពេញ៖ បុរសជាគ្រូបង្រៀនម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល ខ្លួនមិនដឹងតាំងពីពេលណារហូតដល់ធុំភាយក្លិនស្អុយ ទើបអ្នកជិតខាងទ្រាំលែងបាន រាយការណ៍ប្រាប់ម្ចាស់ផ្ទះ មេភូមិ បង្ហើបទ្វារមើល ឃើញក្នុងសភាពហើម បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់ជួលតាមផ្លូវបេតុង ក្រុមទី៣ ភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ច័ន្ទ សុផាត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ គ្រូបង្រៀនភាសារអង់គ្លេស នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

តាមប្រជាពលរដ្ឋ ស្នាក់នៅក្បែរខាងបានឲ្យដឹងថា មុនភ្ញាក់ផ្អើល គេមិនបានឃើញជនរងគ្រោះ៥ថ្ងៃទៅហើយ បន្ទប់របស់ជនរងគ្រោះបិទទ្វារជិត គ្មានអ្នកចាប់អារម្មណ៍ រហូតមកដល់រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ក្លិនស្អុយខ្លាំងពេក ទ្រាំលែងបាន រាយការណ៍ប្រាប់ទៅម្ចាស់ផ្ទះ មេភូមិ ជួយពិនិត្យ បង្ហើបទ្វារមើល ស្រាប់តែឃើញ ជនរងគ្រោះដេកស្លាប់ក្នុងសភាពហើម ស្អុយ ទើបរាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យមើលជាក់ស្តែង ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា ពួកគាត់ទូរស័ព្ទ មិនចូល ហើយម្យ៉ាងវិញទៀត នាយកសាលាទូរស័ព្ទប្រាប់ថា បាត់ជនរងគ្រោះមិនឃើញទៅបង្រៀនផង ទើបនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា នេះ នាំគ្នាធ្វើដំណើរមកតាមដលបន្ទប់ជួល នារសៀលថ្ងៃនេះដែរ ទើបដឹងជនរងគ្រោះដេកស្លាប់ទៅវិញ ។

តាមសមត្ថកិច្ចជំនាញ ក្រោយពិនិត្យ កោសល្យវិច័យរួចឃើញថា ជនរងគ្រោះដេកស្លាប់ ដោយគាំងបេះដូង អស់រយៈពេល៤ថ្ងៃមកហើយ ដោយក្នុងបន្ទប់ បិទជិតហប់ ទើបសាកសព ងាយហើមក្នុងសភាពបែបនេះ ។

សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕ សុខាសែនជ័យ​


ចែករំលែក៖