ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់
រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងគណៈ ប្រតិភូ បានអញ្ជេីញ ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ ព្រមជាមួយថវិកា មមួយចំនួន៨០០០ដុល្លារ ប្រគល់ជូនប្រជាពលរដ្ឋ ២៤ គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យកាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅនេះ ស្ថិតនៅភូមិឃ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ពិធីផ្ដល់អំណោយមនុស្សធម៏នេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃ សុក្រ ៧រោចខែបទ្របទ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៩ ។
អំណោយដែលចែកជូនដល់បងប្អូនរងគ្រោះក្នុងថ្ងៃនេះ ក្នុង១ គ្រួសារទទួលបាន អង្ករ១០ គីឡូ ក្រាម មី ១កេស, ទឹកសុីអុីវ៦ដប, ត្រីខ៥កំប៉ុង និងថវិកាចំនួន ៧៤០,០០០រៀល ក្នុង១គ្រួសារ សម្រាប់ ១៦ គ្រួសារ ៤៣០,០០០រៀល ក្នុង ១ គ្រួសារ សម្រាប់ ៨ គ្រួសារចំណែកផ្ទះដែលឆេះទាំងស្រុងចំនួន ៦ទទួលបាន៣០០ ដុល្លារ ក្នុង ១ ខ្នង និងផ្ទះដែលរងផលប៉ះពាល់ចំនួន ៨ ខ្នងទៀត ទទួលបាន ១០០ ដុល្លារ ក្នុង១ ខ្នង ព្រមទាំងអ្នករងរបួសធ្ងន់ដែលសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ទទួលបាន ១,០០០,០០០ រៀល។
ថវិកាទាំងនេះទទួលបានការឧបត្ថម្ភពីលលោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ចំនួន២,៦០០ ដុល្លារ និង មិត្ដសប្បុរសធម៏ YOUNES Tourism ម៉ាឡេស៊ីចំនួន១,២០០ ដុល្លារ លោកស្រី ម៉ាណ ណាវី សមាជិករដ្ឋសភា ១,០០០ ដុល្លារ សប្បុរសជនតាមរយៈ លោកស្រី ម៉ាណ ណាវី សរុបចំនួន ១,០០០ ដុល្លារ លោកឧកញ៉ា សៀក សោភ័ណ្ឌ និងលោកជំទាវ ឡេង ខេមា ១,៨៤០,០០០ រៀល លោក អុឹម នាញ (ហៅ ម៉ាត់ ប៉ូលយ៉ាន) ១,០០០,០០០ រៀល ហ្សាំ ហ្សាំ គ្រុប ២០០ ដុល្លារ។ ដោយឡែក លោក មាត់ សារី ឧបត្ថម្ភជាសម្ភារៈគិតជាទឹកប្រាក់ចំនួន ៤៨០ ដុល្លារ និងអំពូលភ្លើងចំនួន ១៤០ អំពូល សរុបទាំងថវិកា និង សម្ភារៈ មានចំនួន ៦,៤៨០ ដុល្លារ និង ៤,៧៦០,០០០ រៀល។
នៅក្នុងមតិសំណេះសំណាលលោកទេសរដ្ឋមន្ត្រីក៏បានសំដែងនូវអារម្មណ៍ក្តុកក្តួល និង អាណិតអាសូរជាពន់ពេក ចំពោះបងប្អូនប្រជាពលរដ្ឋទាំង ២៤ គ្រួសារ ដែលបានជួបនូវ ឧបទ្ទវហេតុដ៏អាក្រក់នេះ លោកបន្តថា ក្នុងនាមថ្នាក់នាំ លោកសូមចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ជាពិសេស រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងខ្វល់ខ្វាយចំពោះសុខទុក្ខរបស់បងប្អូន ហើយក៏បានចាត់អោយមន្ត្រីគ្រប់លំដាប់ថ្នាក់ចុះជួប សាកសួរសុខទុក្ខ និងរិះរកមធ្យោបាយដេីម្បីជួយដោះបន្ទុកជូនបងប្អូន ជាមួយនឹងការអំពាវនាវដល់អង្គការ សមាគមនានា និងសប្បុរសជនពីទីជិតទីឆ្ងាយ ដើម្បីចូលរួមចែករំលែកដល់ពុកម៉ែបងប្អូនដែលជួបការលំបាកនេះ។
លោក ទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់បងប្អូន ត្រូវតែតាំងចិត្តអោយរឹងមាំដើម្បីបន្តក៏សាងជីវិតទៅខាងមុខដ៏វែងឆ្ងាយទៀត ហើយសូមប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដ៏អកុសល្យនេះ។
តាមសេចក្តីរាយការណ៍របស់អជ្ញាធរបានអោយដឹងថា អគ្គីភ័យខាងលេីបង្កឲ្យខូចខាតអស់ផ្ទះចំនួន ១៤ ខ្នង ស្មើនឹង ២៤ គ្រួសារ ក្នុងនោះផ្ទះដែលឆេះទាំងស្រុងមានចំនួន ០៦ ខ្នង និង ០៨ ខ្នងទៀតរងការខូចខាតធ្ងន់ធ្ងរ ខណៈក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់បានស្លាប់ និងបុរសជាឪពុករងរបួសធ្ងន់ស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់៕ សំរិត