ខេត្តស្ទឹងត្រែង៖ នៅពេលង្ក្រាប និងក្រោយពេលបង្ក្រាប យុទ្ធនាការក្តៅរបស់ថ្នាក់ជាតិក្នុងការទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិ គេសង្កេតឃើញថាការ ដែលមេឈ្មួញឈើដ៏គឃ្លើន នៅតែលបលួចធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ និងឈើគ្រឿងសង្ហារឹមនៅតែបន្តដឹកឆ្លងដែនដដែល ហាក់ដូចជាមិនរាងចាល តើព្រោះតែសមត្ថកិច្ចបើកដៃឬក៏ជាអាជ្ញាធរមូលដ្ឋានជាអ្នកបើកភ្លើងខៀវ ក្នុងការលួចលាក់ដឹកជញ្ជូនឈើយ៉ាងគឃ្លើនល្មើសច្បាប់ ប្រឆាំងទៅនឹងនាយឧត្តមសេនីយ៍សៅ សុខា ដែលលោកទើបតែចុះអនុវត្តច្បាប់ បង្ក្រាបរឹបអូសឈើប្រគល់ឲ្យរដ្ឋបាលព្រៃឈើ មនុស្សវាយខ្នោះ រថយន្ត និងម៉ូតូដែលជាមធ្យោបាយបម្រើឲ្យក្នុងការដឹកជញ្ជូនបទល្មើស ត្រូវដុតកម្ទេចចោលនៅហ្នឹងកន្លែង នាពេលថ្មីៗនេះ ហើយធម្មតាដំរីងាប់មិនអាចយកចង្អេរបាំងជិតនោះបានទេ ។
បញ្ហាឈ្មួញរកស៉ី ដឹកឈើតាមម៉ូតូ រថយន្តនាំចេញទៅក្រៅខេត្ត តែចំណែកឈើគ្រឿងផ្ទះមិនត្រូវបាន ដឹកចែកចាយក្នុងខេត្ត តាមគោយន្តកន្ត្រៃដូចសព្វមួយដងនោះទេ
ព្រោះ មានភាពសំញែង ខ្លាចសមត្ថកិច្ចចាប់ដុតកម្ទេចចោល ព្រោះពួកគាត់សុទ្ធតែចងការប្រាក់ពីអង្គការ បើដឹកតាមម៉ូតូ ឬឡាននាំចេញ មានការគ្របជិត និងបិទគូទជិតអាចដឹកចេញបាន នេះជាការរៀបចំរបស់សមត្ថកិច្ច តែសម្រាប់តម្រូវការបងប្អូនធ្វើផ្ទះមិនត្រូវបាន ដំណើរការដូចមុននោះទេ ។
ជាក់ស្តែងនៅយប់ថ្ងៃទី១៨ ចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤ទៀបភ្លឺដូចសព្វមួយដង មេឈ្មួញតែងតែធ្វើសកម្មភាព ដឹកជញ្ជូនចេញ ពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងក្បួនរថយន្តដឹកគ្រឿងសង្ហារឹម ហើយគេសង្ស័យថាអាចមានបង្កប់ឈើឆៅ ឆ្ពោះទៅកាន់ខេត្តក្រចេះ និងបន្តទៅចែកចាយតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញដូច សព្វមួយដង ឈ្មួញហាក់ដូចជាមិនញញើតខ្លាចច្បាប់បន្តិចសោះ ខណ:ឃើញអាជ្ញាធរជាតិ អនុវត្តក្តៅទៅលើមេឈ្មួញ បំផ្លាញព្រៃឈើ ធនធានធម្មជាតិសម្រាប់យើងទាំងអស់គ្នា គួរតែជួយថែរក្សា ដែលជាទ្រព្យសម្បត្តិរបស់ជាតិ។
ប្រភពផ្តល់ព័ត៌មានថា: គេឃើញក្បួនរថយន្តប្រភេទ សាំងយ៉ុង ឆ្លាម ប៉ាឡែន មានដឹកឈើប្រណីត ចេញពីស្រុកសៀមប៉ាង ដែលជាមេឈ្មួញមុខសញ្ញាចាស់ និងឈើគ្រឿងសង្ហារឹមដឹកចេញ ពីទីរួមខេត្តយ៉ាងគឃ្លើន ធ្វើហាក់បីដូចជាសមត្ថកិច្ច និងអាជ្ញាធរមិនដឹងរឿងចឹង។
ប្រភពដដែលបានបន្តថា: ក្រោយការអនុវត្តក្តៅទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិ របស់ថ្នាក់ជាតិ និងរោងសិប្បកម្មជាច្រើនត្រូវបានបិទ ព្រោះអត់ច្បាប់ហើយមួយចំនួនទៀតដែលជាថៅកែធំៗ ហើយមានខ្នងបង្អែកជាមន្ត្រីកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត គេអាចបន្តធ្វើអាជីវកម្មបន្តទៀត រួមនឹងឆ្លៀតឱកាសដាក់ឈើឆៅបង្កប់ពីក្រោមឈើគ្រឿងសង្ហារឹមនាំចេញនៅពេលយប់ទៀបម៉ោងភ្លឺ ធ្វើហាក់ដូចជាគ្មានសមត្ថកិច្ចណាដឹង និងហ៊ានទប់ស្កាត់អីចឹង ធ្វើឲ្យសកម្មភាពឈ្មួញរកស៉ីដឹកជញ្ជូនឈើបានយ៉ាងរលូន។
ក្នុងនោះផងដែរ លោកទិត្យ វី នាយសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាស បានបញ្ជាក់នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងការបង្ក្រាបសិប្បកម្មមួយ កន្លែងដ៏ធំមួយស្ថិតនៅក្នុងភូមិកាតូទ ឃុំកំភុន ស្រុកសេសាន ដោយមានម្ចាស់ឈ្មោះជីវ មករា អាយុ២៩ឆ្នាំ ភេទប្រុស រស់ភូមិឃុំខាងលើ ដោយមានសមត្ថកិច្ចចម្រុះចុះបង្ក្រាបផងនោះ បែរជាគ្មាន ប្រសិទ្ធភាពទៅវិញ ។
លោកបាននិយាយថា: សិប្បកម្មនោះ ធំមែន តែគ្មានឈើ គ្មានសម្ភារ: អ្វីសម្រាប់ រឹបអូសនោះទេ នៅតែគ្រែប៉ុន្មានគ្រឿង វាក្លាយជាគ្រឿងសង្ហារឹមរួចហើយ មិនត្រូវបានបង្ក្រាបឬរឹបអូសនោះទេ គ្រាន់តែឲ្យម្ចាស់សិប្បកម្មមកធ្វើកិច្ចសន្យាបញ្ឈប់តែប៉ុណ្ណោះ បើចង់បន្តឲ្យទៅសុំច្បាប់ពីរនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ទៅតាមច្បាប់ដែលបានកំណត់ទើបអាចបន្តបាន។
គួររំលឹកថាសិប្បកម្មជាច្រើនកន្លែងដែលសមត្ថកិច្ចត្រូវបានបង្ក្រាបនាពេលថ្មីៗ តែមួយចំនួនត្រូវបានរស់រាន
មានជីវិតឡើងវិញហើយ បន្ទាប់ពីសមត្ថកិច្ច ធ្វើយុទ្ធនាការក្តៅក្រោម បទបញ្ជា ដ៏ដៅគគុក នាពេលថ្មីៗកន្លងទៅនេះ តែនៅមានបង្ក្រាបជាដុំៗដោយកន្លែង នៅឡើយ បន្ទាប់ ពីយុទ្ធនាការក្តៅ របស់នាយ ឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រប្រធានក្រុមការងារ ចុះទប់ស្កាត់ បង្ក្រាប ធនធានធម្មជាតិ
គេសង្កេតឃើញថា សិប្បកម្មខ្លះត្រូវបានបិទដោយស្វ័យប្រវត្តិ ព្រោះគ្មានលុយបង់ពន្ធជូនរដ្ឋដូចជា ក្នុង១រោង៥ពាន់ដុល្លារ ដូចកាលកំណត់របស់រដ្ឋនោះទេ៕ មាស សុផាត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច